សិល្បៈអន្តរជាតិ៖ អ្នក​គាំទ្រ​ស្លុត​ចិត្ត​ជា​ខ្លាំង​ ក្រោយ​មាន​សេចក្ដីប្រកាស​កាល​ពីថ្ងៃ​អាទិត្យ​ ទី១៦ ខែ​កុម្ភៈ ឆ្នាំ២០២៥ ថាបាន​រកឃើញសាកសព​របស់​តារា​សម្ដែង Kim Sae Ron (គីម សេរ៉ន) នៅ​ក្នុងផ្ទះដែល​នាង​រស់​នៅ។

ប៉ូលិស​បា​ន​ទម្លាយថា​មិត្ត​ភក្ដិរបស់​តារាស្រី​រូប​នេះ​បាន​ទៅ​ផ្ទះរបស់​នាង​ ហើយពេល​ទៅដល់​ក៏ប្រទះនឹង​សពរបស់​នាង​ ទើប​ខល​ទំនាក់​ទំនងមក​កាន់​ស្ថានីយ៍ប៉ូលិស​ដើមរាយការណ៍ កាលពីវេលា​ម៉ោង​ប្រមាណ ៤ និង​៥០នាទីល្ងាច។

ក្រោយ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ប៉ូលិស​បាន​សន្និដ្ឋាន ​៣ចំណុច​ចំពោះ​ការ​ស្លាប់​របស់​តារា​ស្រីរូប​នេះថាមិនមែនជា​ការ​ធ្វើ​អត្តឃាតឬអំពើឃាតកម្មនោះ​​ឡើយ​៖

ចំណុចទីមួយ ១. មិនមាន​ស្លាកស្នាមគាស់ផ្ទះ ឬមាន​អ្វី​ខុសប្រក្រតីនៅក្នុង​ផ្ទះ ឬក៏ជុំវិញផ្ទះរបស់​តារាស្រីរូបនេះ​ទេ

ចំណុច​ទី២.មិនមាន​លិខិតបណ្ដាំ​ណាមួយ ​ដែល​បង្ហាញ​ពីការ​ធ្វើ​អត្តឃាត ឬទាញ​ទៅ​រក​ការសម្លាប់ខ្លួននោះដែរ

ចំណុច​ទី៣. មូលហេតុដែលធ្វើឱ្យ​នាង​ស្លាប់នោះ គឺអាចបណ្ដាលមកពីបញ្ហាគាំងបេះដូងស្លាប់ អាស្រ័យដោយ​ គេដឹងថានាងនិយម​ផឹកស្រា និង​ជក់បារីដែល​ជា​កត្តា​ចំបង​នាំ​ទៅ​រក​គ្រោះ​ថ្នាក់នាំការគាំងបេះដូងស្លាប់ទាំងវ័យក្មេងបែប​នេះ។​

សូមរំលឹក​ឡើងវិញ​ថា Kim Sae Ron (គីម សេរ៉ន) កើត​នៅ​ឆ្នាំ​២០០០ តារា​ស្រីរូប​នេះបាន​ប្រឡូកក្នុង​វិស័យសិល្បៈ​តាំងពីឆ្នាំ ​២០០៩។ តារាស្រីវ័យក្មេងរូប​នេះ ចាប់ផ្ដើម​ល្បីល្បាញ​ពីភាពយន្តវាយប្រហារគ្នា «The Man From Nowhere» ក្នុង​ឆ្នាំ​២០១០ និង​ភាពយន្ត​ភ័យរន្ធត់ «The Neighbor»
នៅឆ្នាំ​២០១២។ ស្នាដៃ​ចុងក្រោយ​របស់​នាង​គឺរឿង «Bloodhounds» បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០២៣ ប៉ុន្តែតួអង្គដែល​នាង​សម្ដែងត្រូវបាន​គេ​ដក​ចេញ​ ដោយសារតែ​បញ្ហា​អាស្រូវបើកបរឡាន​ក្នុង​ស្ថានភាព​ស្រវឹង​ទៅបុកដើមឈើ។

អាជីពសិល្បៈរបស់​នាង​ត្រូវ​បាន​ព្យួរ​ក្រោយ​ពេល​នាង​ជួបគ្រោះថ្នាក់ចរាចរណ៍​ កាល​ពីខែ​ឧសភា ឆ្នាំ​២០២២។ ករណី​បំពានច្បាប់ចរាចរណ៍របស់នាង ត្រូវតុលាការ​​ពិន័យ​​ជា​ទឹក​ប្រាក់ ​១​ម៉ឺន​ដុល្លារ កាល​ពីខែ​មេសា ឆ្នាំ​២០២៣៕

Share.