ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ថា លោកបានបញ្ជាឱ្យបណ្តេញរដ្ឋអាជ្ញាទាំងអស់ ដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី ចូ បៃដិន ចេញពីតំណែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នាថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោកថា «ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ក្រសួងយុត្តិធម៌ត្រូវបានគេប្រើប្រាស់ឱ្យធ្វើនយោបាយមិនធ្លាប់មានពីមុនមក។ ហេតុដូច្នេះហើយបានជាខ្ញុំបានណែនាំឲ្យបញ្ចប់ការងាររបស់រដ្ឋអាជ្ញាទាំងអស់ដែលនៅសេសសល់ពីសម័យរបស់លោក បៃដិន»។

លោក ត្រាំ បានបន្ថែមថា «យើងត្រូវតែសម្អាតផ្ទះ និងស្តារទំនុកចិត្តឡើងវិញជាបន្ទាន់។ យុគសម័យមាសរបស់អាមេរិក ត្រូវតែមានប្រព័ន្ធយុត្តិធម៌មួយដែលមានតម្លាភាពចាប់ផ្តើមថ្ងៃនេះតទៅ»។

យ៉ាងណាម៉ិញ ការបញ្ជានេះ គឺជាទម្លាប់ធម្មតាទៅហើយ នៅពេលដែលប្រធានាធិបតីថ្មីបញ្ចប់ការងាររដ្ឋអាជ្ញាសហព័ន្ធក្នុងរដ្ឋបាលចាស់ ហើយតែងតាំងរដ្ឋអាជ្ញាសហព័ន្ធថ្មី ដែលនៅអាមេរិក មានរដ្ឋអាជ្ញាសហព័ន្ធចំនួន ៩៣រូប ជាអ្នកអនុវត្តច្បាប់កំពូលរបស់សហព័ន្ធនៅក្នុងរដ្ឋនីមួយៗ។
សូមជម្រាបថា កាលពីកន្លងទៅ រដ្ឋអាជ្ញាមួយចំនួនដែលតែងតាំងដោយរដ្ឋបាលរបស់លោក បៃដិន បានលាលែងពីតំណែងជាបន្ដបន្ទាប់ បន្ទាប់ពីលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកា មកម្ល៉េះ៕

