កណ្ដាល ៖ ជនត្រវចោទម្នាក់នៅស្រុកស្អាង ត្រូវបានកម្លាំងជំនាញផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្អាង អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយជនត្រូវចោទរូបនេះតែម្នាក់ឯងសោះមានដីកាចាប់ខ្លួនដល់ទៅ ៤ដីកា។

ជនត្រូវចោទដែល កម្លាំងជំនាញផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ចាប់ខ្លួននោះមានឈ្មោះ បឿន មនោ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ ព្រែកស្លែង ឃុំតាលន់ស្រុកស្អាង ខេត្តកណ្តាល (វិជ្ជមាននូវសារធាតុញៀន)។ ដីកាដែលបង្គាប់ ឱ្យចាប់ខ្លួនទាំង៤នោះរួមមាន៖
ដីកាទី១ យោងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៦១ ដក.ប.ចខ/២២ ចុះថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២២ របស់ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តកណ្ដាល វ៉ាន់ សុបញ្ញា ត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅភូមិព្រែកស្លែង ឃុំតាលន់ស្រុកស្អាងខេត្តកណ្ដាល កាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២២ ។
ដីកាទី២ យោងដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៦១២ ដកចបខ ចុះថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២ របស់ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តកណ្ដាល ប្លុង វិសាល ត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅភូមិ ព្រែកស្លែង ឃុំតាលន់ស្រុកស្អាងខេត្តកណ្ដាល កាលពីថ្ងៃទី ០៦ ខែ សីហាឆ្នាំ២០២២ ។
ដីកាទី៣ យោងដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ០០៤ដកបចខ/២៣ ចុះថ្ងៃទី០៤ខែមករាឆ្នាំ២០២៣ របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្ដាល រស់ ផុនចាន់និមល ត្រូវចោទពីបទ រក្សាទុក និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី០៦ ខែសីហាឆ្នាំ២០២២។
ដីកាទី៤ យោងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៥១ ដក.បចខ/២៣ ចុះថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣ របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្ដាល ហេង ផល្លា ត្រូវចោទពីបទ រក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅភូមិវាលត្រែង ឃុំតាលន់ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៣ ។


សូមបញ្ជាក់ថាបច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕
ចតុមុខ

