ក្រសួងបរិស្ថាន ព្រមានឲ្យក្រុមហ៊ុនផលិតដំណាប់ស្វាយ KRR Processing Food Co., Ltd. បញ្ឈប់សកម្មភាពបង្ហូរសំណល់រាវគ្រប់ប្រភេទ ចូលក្នុងស្ទឹងសែនជ័យ ស្ថិតនៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាបន្តទៀត បើមិនដូច្នេះក្រសួងនឹងចាត់វិធានការច្បាប់ជាធរមាន។


ការព្រមានដូច្នេះ ធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថាន ដឹកនាំ ក្រុមការងារអធិការកិច្ចចុះត្រួតពិនិត្យករណីបង្ហូរសំណល់រាវ ពីរោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. ចូលស្ទឹងសែនជ័យ ដោយរកឃើញថា ក្រុមហ៊ុនបង្ហូរសំណល់រាវពណ៌សល្អក់ និងមានក្លិនជូរផ្អូម ទៅក្នុងដងស្ទឹង ចាប់ពីចំណុចក្រោយទីតាំងរោងចក្រ រហូតដល់ចំណុចព្រំប្រទល់ភូមិសម្បទានសែនជ័យ (ចម្ងាយពីរោងចក្រប្រមាណ ២គម) និងក្រុមការងារបានយកសំណាកទឹកស្ទឹងសែនជ័យចំនួន៣ទីតាំង មកធ្វើការវិភាគនៅមន្ទីរពិសោធន៍។
គួរជ្រាបថា ការចុះធ្វើការអធិការកិច្ចនៅជុំវិញរោងចក្រផលិតដំណាប់ស្វាយនេះ ធ្វើឡើងក្រោយទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋថា ក្រុមហ៊ុន KRR Processing Food Co., Ltd បង្ហូរកាកសំណល់ចូលទៅក្នុងស្ទឹង បណ្ដាលឱ្យទឹកស្ទឹងដែលសេសសល់តិចតួចនៅតាមបាតស្ទឹងប្រើប្រាស់មិនកើត សត្វផឹកមិនកើត ក៏ដូចជាក្លិននៃកាកសំណល់ដែលបង្ហូរចូលស្ទឹងជះក្លិនស្អុយពិបាកដល់ការដកដង្ហើម និងពិបាកសម្រាក។




បន្ទាប់ពីក្រុមការងារជំនាញជំនាញឃើញ និងយកសំណាកទឹកក្រុមការងារ ក៏បានជួបសម្ភាសន៍ជាមួយតំណាងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់កើតហេតុ បានឱ្យដឹងថា ជារឿយមានការបង្ហូរសំណល់រាវចេញពីរោងចក្រស្វាយចូលស្ទឹង បង្កឱ្យមានក្លិនស្អុយ និងទឹកប្រើប្រាស់ពុំកើត។ ពលរដ្ឋស្នើសុំក្រសួង ជួយពិនិត្យ និងដោះស្រាយបញ្ហាផលប៉ះពាល់។
ជាមួយគ្នា តំណាងអាជ្ញាធរមូលដ្ឋានបានឱ្យក្រុមការងារជំនាញដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុនខាងលើមានបញ្ហាលេចហៀរសំណល់រាវចេញពីរោងចក្រចូលស្ទឹង ហើយបានបង្កឱ្យមានផលប៉ះពាល់ដល់គុណភាពទឹក និង មានក្លិនស្អុយយ៉ាងខ្លាំង ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ បន្ទាប់ពីកើតមានបញ្ហានេះ រោងចក្របានធ្វើការទប់ស្កាត់និងលែងមានការហូរសំណល់ចេញបន្តទៀត។
ឆ្លងកាត់ការពិនិត្យ ប្រមូលសំណាកទឹក និងការសម្ភាសន៍ជាមួយពលរដ្ឋរួចមក ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដាក់ចេញវិធានការចំពោះមុខដូចជាតម្រូវឱ្យក្រុមហ៊ុនផលិតតំណាប់ស្វាយ ត្រូវអនុវត្តតាមច្បាប់ជាធរមាន ករណីក្រុមហ៊ុនមិនអនុវត្ត ក្រសួងនឹងមានវិធានការច្បាប់ដោយពុំមានការលើកលែងឡើយ។



ក្រុមការងារតម្រូវឱ្យ ក្រុមហ៊ុនពន្លឿនការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានឱ្យបានរួចរាល់ ក៏ដូចជាកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយត្រូវអនុលោមតាមស្តង់បរិស្ថាន។
បន្ថែមពីនេះ ក្រុមហ៊ុនត្រូវបញ្ឈប់ការបង្ហូរសំណល់រាវគ្រប់ប្រភេទ ចូលក្នុងស្ទឹងជាបន្តទៀត ដោយត្រូវធ្វើការចាក់ទប់ប្រឡាយដីដែលមានសំណល់រាវហូរចូលស្ទឹងកន្លងមកនេះ និងទុកដាក់សំណល់រឹងឱ្យបានត្រឹមត្រូវ។ ចំណែកការបញ្ចេញសំណល់អនុលោមតាមគោលការណ៍ច្បាប់ និងហាមដាច់ខាត ការដុតសំណល់រឹង សំរាមនៅទីវាល និងត្រូវយកចិត្តទុកដាក់ និងត្រូវធ្វើការអនុវត្តតាមការណែនាំរបស់ក្រុមការងារនាពេលនេះ៕
អត្ថបទ៖ត្រយងតូច

