ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពបើកព្រឹត្តការណ៍កីឡាបាល់ទាត់ ដើម្បីអបអរសាទរ ពិធីបុណ្យរ៉ាម៉ាឌន ឆ្នាំ២០២៥ នៅទីលានប្រកួតបាល់ទាត់ភូមិខ្ពបទី២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ មានការការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ សមាជិកព្រឹត្តសភា ឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់ជាតិ ឯកឧត្តមអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកក្រូចឆ្មារ អាជ្ញាធរគ្រុប់លំដាប់ថ្នាក់ យុវជន សសយក យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ យុវជន សយមក ក្រុមកីឡាករ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។

ឯកឧត្តម មហាម៉ាត់ យូណេះអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ស្វាគមន៍ដោយបានលើកឡើងថា ព្រឹត្តការណ៍ប្រកួតកីឡាបាល់ទាត់នេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ លើកលែងតែក្នុងសម័យកាលរីករាលដាលនៃជំងឺ កូវីដ១៩ ដែលយើងខកខាន ហើយព្រឹត្តការនេះដែរគឺដើម្បីអបអរសាទរ ពិធីបុណ្យ រ៉ាម៉ាឌន ក៏ដូចជាលើកកម្ពស់វិស័យកីឡានៅក្នុងសហគមន៍ឱ្យកាន់តែល្អប្រសើរជាងមុន។ នៅក្នុងឆ្នាំនេះដែរ ការប្រកួតកីឡាបាល់ទាត់នេះ មានក្រុមបាល់ទាត់ចំនួន ១៦ក្រុមមកចូលរួម ដើម្បីដណ្តើមជ័យលាភីពានរង្វាន់ “រ៉ាម៉ាឌន” រដូវកាលទី១១នេះ។ ដោយឡែកក្នុងឆ្នាំ២០២៥នេះ មិនត្រឹមតែមានព្រឹត្តការណ៍ប្រកួតកីឡាបាល់ទាត់ទេ យើងនៅមានការរៀបចំពិព័ណ៌ផលិតផលចំនួន១៥០ស្តង់ ដែលជាទម្រង់លើកកម្ពស់សេដ្ឋកិច្ច ផលិតផល របស់សហគមន៍ និងវេទិការអប់រំឥស្លាមត្រៀមទទួលស្វាគមន៍ខែរ៉ាម៉ាឌន២០២៥ ដើម្បីជំរុញលើកទឹកចិត្តឱ្យមានភាពផុលផុស នៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍អបអរសាទរចំពោះការបង្កើតឱ្យមានព្រឹត្តការណ៍នេះឡើង ព្រមទាំងសំណូមពរឱ្យមានការរៀបចំព្រឹត្តការណ៍នេះជារៀងរាល់ឆ្នាំផងដែរ ។
ឯកឧត្តមអភិបាលខេត្តបន្តថា ចំពោះទីតាំងនៃការនៃការរៀបចំនេះ និងដាក់ជាទីតាំងដីរបស់សហគមន៍ខ្ពប២ ដែលអនុញ្ញាតិឱ្យបងប្អូនប្រជាពរលរដ្ឋនៅក្នុងសហគមន៍ទាំងអស់រៀបចំជាទីកន្លែងសម្រាប់ប្រើប្រាស់រួមគ្នាក្នុងសហគមន៍ផងដែរ។ហើយក្នុងឱកាសនៃព្រឹត្តការកីឡាបាល់ទាត់នេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏សំណូមពរឱ្យប្អូនៗជាកីឡាករទាំងអស់ខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីដណ្តើមបាននៅជ័យជំនះ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រែក្លាយកម្ពុជាទៅជាមូលដ្ឋានគ្រឹះនៃភាពរីកចម្រើនរបស់ប្រទេសជាតិ និងជានិមិត្តរូបនៃភាពធន់។ ជាមួយគ្នានេះ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ កំពូលឥស្លាម ដែលរៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោម ប្រធានបទ “ឥស្លាម និងពុទ្ធសាសនា”ផងដែរ។ ទន្ទឹមនេះគ្រប់បណ្តាវិស័យទាំងអស់មានភាពរីកចម្រើន ជាក់ស្តែងដូចព្រឹត្តការណ៍ប្រកួតកីឡានៅថ្ងៃនេះ គឺព្រោះមានសុខសន្តិភាពទើបយើងអាចលេងកីឡាបាន ស្រមតាមពាក្យស្លោក “កីឡារស់ក្រោមដំបូលសន្តិភាព” ។

ជាចុងក្រោយលោកជំទាវរដ្ឋលេខាធិការ បានធ្វើការអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនិងញ៉ាំងព្រឹត្តការណ៍កីឡានេះឱ្យមានភាពសប្បាយរីករាយ និងសំណូមពរឱ្យកីឡាករទាំងអស់កុំបង្ករកីឡាទៅជាជម្លោះរវាងគ្នានិងគ្នា ព្រោះយើងសុទ្ធសឹងតែជាខ្មែរដូចគ្នា ដូចនេះសូមមានការរួបរួមសាមគ្គីគ្នា និងញ៉ាំងព្រឹត្តការណ៍នេះឱ្យមានភាពរលូន ៕

អត្ថបទ៖អាចារ្យលាក់

