កូឡុំបូ៖ រថភ្លើងដឹកអ្នកដំណើរស្រីលង្កា ១គ្រឿង បានក្រឡាប់ធ្លាក់ចេញពីផ្លូវរត់ នាថ្ងៃព្រហស្បតិ៍ នេះ បន្ទាប់ពីបានបុកហ្វូងដំរីមួយហ្វូង ចំណែកអ្នកដំណើរវិញមិនមានអ្នកណាម្នាក់រងរបួសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

រថភ្លើងល្បឿនលឿននេះ កំពុងធ្វើដំណើរនៅជិតតំបន់អភិរក្សសត្វព្រៃក្នុងទីក្រុង Habarana ចម្ងាយប្រហែល ១៨០គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីកូឡុំបូ កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ដោយបានបុកហ្វូងដំរីមួយហ្វូង ស្លាប់ដំរីចំនួន ៦ក្បាលដែលដើរឆ្លងកាត់ផ្លូវរត់របស់រថភ្លើង។
កាលពីឆ្នាំ២០១៨ មានកូនដំរី ២ក្បាល និងដំរីផើមមួយក្បាលស្លាប់ក្នុងឧបទ្ទវហេតុរថភ្លើងបុកដូចគ្នា ក្នុងតំបន់អភិរក្សសត្វព្រៃខាងលើនេះ។



ចាប់តាំងពីពេលនោះមក អាជ្ញាធរបានបញ្ជាឱ្យអ្នកបើកបររថភ្លើងគោរពល្បឿនកំណត់ ដើម្បីកាត់បន្ថយការបង្កឱ្យមានគ្រោះថ្នាក់ដល់សត្វដំរីដែលឆ្លងកាត់តំបន់នេះ។
បើតាមអនុរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក Anton Jayakody បានឱ្យដឹងថា លោកនឹងរកដំណោះស្រាយដើម្បីបញ្ជៀសគ្រោះថ្នាក់បែបនេះ ដោយគ្រោងនឹងដាក់រនាំងសម្រាប់បាំងផ្លូវ ដើម្បីកុំឱ្យសត្វដំរីអាចដើរឆ្លងកាត់។


គួរបញ្ជាក់ថា បើតាមច្បាប់របស់ប្រទេសស្រីលង្កា ការសម្លាប់ ឬធ្វើបាបសត្វដំរី គឺជាបទល្មើសព្រហ្មទណ្ឌ ដែលប្រទេសនេះមានសត្វដំរីព្រៃប្រមាណជា ៧,០០០ក្បាល ចាត់ទុកជាសម្បត្តិជាតិ ដោយសារតែដំរីជាសត្វដែលមានសារៈសំខាន់បំផុតមួយក្នុងវប្បធម៌ព្រះពុទ្ធសាសនា៕

