ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី ថាជា «ជនផ្តាច់កា» ហើយថាមេដឹកនាំរូបនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី-អ៊ុយក្រែន ប្រេះឆារកាន់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

ការលើកឡើងរបស់លោក ត្រាំ បានកើតឡើងបន្ទាប់ពីលោក ហ្សេលេនស្គី ប្រតិកម្មទៅនឹងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលទីក្រុងកៀវ បាននិយាយថា ប្រធានាធិបតីអាមេរិក កំពុងរស់នៅក្នុងពិភពព័ត៌មានមិនពិត ដែលគ្រប់គ្រងដោយទីក្រុងម៉ូស្គូ។
សង្រ្គាមពាក្យសម្ដីរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិករួបនេះ បានអះអាងថា អ៊ុយក្រែនជាអ្នកបង្កឱ្យមានការឈ្លានពានរបស់រុស្ស៉ី កាលពីឆ្នាំ២០២២។

យ៉ាងណាម៉ិញ ក្នុងចំណោមបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក នៅអឺរ៉ុប មានការព្រួយបារម្ភខ្លាចថា យុទ្ធសាស្រ្តរបស់លោក ត្រាំ ដើម្បីបញ្ចប់សង្រ្គាមដុសស្លែររបស់ប្រទេសរុស្ស៊ី-អ៊ុយក្រែន អាចនឹងហុចប្រយោជន៍ឱ្យទីក្រុងម៉ូស្គូទៅវិញ។
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានសរសេរថា «ជាជនផ្ដាច់ការម្នាក់ដោយគ្មានការបោះឆ្នោត លោក ហ្សេលេនស្គី គួរតែចូលតុចរចាឱ្យបានលឿនរហ័ស បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខនឹងការបាត់បង់ប្រទេសទាំងមូល»។

ភ្លាមៗ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានប្រតិកម្មឆ្លើយតបវិញ ដោយនិយាយថា «គ្មាននរណាម្នាក់ អាចបង្ខំឱ្យអ៊ុយក្រែនចុះចាញ់បាននោះទេ ខណៈលោក ហ្សេលេនស្គី ក៏បានលើកឡើងជាថ្មីដែរថាគ្មានឡើយសន្តិភាព ដែលគ្មានការចូលរួមពីអ៊ុយក្រែន»។
គួររំលឹកថា អាណត្តិរយៈពេលប្រាំឆ្នាំរបស់លោក ហ្សេលេនស្គី ត្រូវបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤។ ប៉ុន្ដែ អ៊ុយក្រែន បានស្ថិតនៅក្រោមច្បាប់អាជ្ញាសឹកចាប់តាំងពីប្រទេសរុស្ស៊ី បានបើកការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយការបោះឆ្នោតក្នុងប្រទេសត្រូវបានផ្អាក៕

