រតនគិរី ៖ ជនសង្ស័យចំនួន៦នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម ត្រូវបានកម្លាំងជំនាញក្រុងបានលុង និងកម្លាំងស្នងការខេត្តរតនគិរី ស្រាវជ្រាវចាប់ខ្លួនបានបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃ ដកហូតបានម៉ូតូ៥គ្រឿង អាវុធ គ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត កាលពីយប់ថ្ងៃទី១៨ និងព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងស្រុកអូរជុំ ក្រុងបានលុង ខេត្តរតនគិរី ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋានក្រុងបានលុង សហការជាមួយកម្លាំងនគរបាលស្រុកអូរជុំ កម្លាំងស្នងការខេត្ត បង្ក្រាបចាប់ខ្លួនជនសង្ស័យសកម្មលួចនៅស្រុកអូរជុំបាន២នាក់ ៖ ទី១ ឈ្មោះ គង់ រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិថារ៉ងចង ឃុំ អូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។ ទី២ ឈ្មោះ ហេង ឃ្លី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិតាហឺយ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ។

សមត្ថកិច្ចបន្តឃាត់ខ្លួនបាន២នាក់ទៀតនៅក្រុងបានលុង ៖ ទី១ ឈ្មោះ ពៀន ឌីណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិព្រៅ មុខរបរជាងភ្លើង រស់នៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ទី២ ឈ្មោះ ម៉ាង រ៉ាធិច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ គ្រឹង មុខរបរកសិករ រស់នៅភូមិឡូន សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។ ដកហូតបាន អាវុធកែច្នៃចំនួន១ដើម និងគ្រឿងញៀន១កញ្ចប់តូច ម៉ូតូចំនួន៥គ្រឿង ហុងដាឌ្រីម ចំនួន៤គ្រឿង និងម៉ាក winner ១គ្រឿង ។

ជនសង្ស័យនាំទៅសាកសួរនៅស្នងការខេត្ត រហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យបាន២នាក់បន្ថែមទៀត ៖ ទី១ ឈ្មោះ ការី ទិត្យ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិទំពូន រស់នៅភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។ ទី២ ឈ្មោះ ញិល ភៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពូន រស់នៅភូមិ ភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។ ជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួននៅស្នងការខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ៖តាតុងសែនជ័យ

