ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៥ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា ករណីបាញ់បោះនៅខណ្ឌកំបូលជនជាតិចិន៥នាក់និងបក្ខពួក ត្រូវតំណាងអយ្យការបានសម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការតាមផ្លូវច្បាប់។

ជនត្រូវចោទទាំង៥នាក់ ទី១. ឈ្មោះ តឹង​ ​ធានមីង​ (DENG TIAN MING)​ ភេទប្រុស ជនជាតិចិន ត្រូវបានចោទពីបទ​: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​​ បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា​ ២១៨​ នៃក្រមព្រហ្មទណ្ឌ។ ២.​ឈ្មោះ​ ហាន​ ឆុង​ (HAN CHONG) ភេទប្រុស ជនជាតិចិនពីបទៈ​ ជួញដូរអាវុធដោយគ្មានការអនុញ្ញាត​ និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត​ តាមច្បាប់ព្រហ្មទណ្ឌ មាត្រា​ ៨,​ មាត្រា​ ២០​ និងមាត្រា​ ២៤​ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ​ និងគ្រាប់រំសេវ។ ៣.ឈ្មោះ​ ជូ​ តាឈុន​ (ZHU DA CHUN)​ ភេទប្រុស កេីតឆ្នាំ១៩៨៧ ជនជាតិចិន។ ៤.ឈ្មោះ​ លាវ​ យ៉ុងជៀ​ (LIU YONGJIE)​ ភេទប្រុស កេីតឆ្នាំ១៩៩១ ជនជាតិចិនពីបទៈ​ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត​ និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត​​ បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា​ ៨​ និងមាត្រា​ ២៤​ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ​ និងគ្រាប់រំសេវ។ ៥.ឈ្មោះ​ លី​ ចេីយាន​ (LI ZIYUAN)​ ភេទប្រុស កេីតឆ្នាំ១៩៩៦ ជនជាតិចិនពីបទៈ​ សមគំនិតក្នុងអំពេីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត​ និងសមគំនិតក្នុងអំពេីប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត​​ បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិតាមមាត្រា​ ២៩​ នៃក្រមព្រហ្មទណ្ឌ​ និងមាត្រា​ ៨​ មាត្រា​ ២៤​ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ​ និងគ្រាប់រំសេវ។ ៦.និងបក្ខពួក​ពីបទ​: ​កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងជួញដូរអាវុធដោយគ្មានការអនុញ្ញាត​ បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិតាមមាត្រា​ ៨,​ មាត្រា​ ២០​ និងមាត្រា​ ២៤​ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ​ និងគ្រាប់រំសេវ​.។

សូមរំលឹកថាកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចបរិវេណអគាររតនៈសម្បត្តិ ផ្លូវសហព័ន្ធរុស្សី ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងប្រតិបត្តិការណ៍ កម្លាំងសម្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ គ្រាប់កាំភ្លើងប្រភេទ អាកា មិនទាន់ផ្ទុះ ចំនួន ០១ គ្រាប់, អាវុធខ្លីគ្មានម៉ាក(ក្លែងក្លាយ) ពណ៌ ខ្មៅ ចំនួន ០១ដើម និងគ្រាប់ចំនួន០៣ គ្រាប់(ជ័រ), អាវុធវែង ម៉ាក AK៤៧ ចំនួន០២ដើម, គ្រាប់អាវុធវែងនិងខ្លី សរុបចំនួន៥៩ គ្រាប់, រថយន្តចំនួន២គ្រឿង៕

អត្ថបទ៖ ចតុម្មុខ

Share.