សិល្បៈជាតិ៖ ក្រោយវិលត្រឡប់មកដល់ប្រទេសកំណើត តារាកំប្លែង ជួង ជី ហៅនាយកុយ បានបញ្ជាក់ពីស្ថាន​ភាព​ជំងឺ និងសុខភាពរបស់លោក ដែលក្រុមគ្រូពេទ្យអះអាងថា នៅក្នុងពោះវៀនធំរបស់លោកមានដុំសាច់​កាច​ដែលជាសាច់មហារីក ត្បិតថាកាត់ដុំសាច់នោះចោលហើយមែន ប៉ុន្តែលោកត្រូវបន្តតាមដានចាក់ថ្នាំគីមី និង​ដាម​ដាន​ជាដំណាក់កាលបន្តទៀត។

តាមការបញ្ជាក់បន្ថែមពីនាយ កុយ ទោះក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យត្រឡប់មកសម្រាកព្យាបាលនៅផ្ទះវិញក៏ពិត​មែនក្ដី ប៉ុន្តែលោកក៏មិនត្រូវធ្វេសប្រហែសចំពោះស្ថានភាពជំងឺដូចគ្នា ពោលគឺលោកត្រូវឡើងទៅជួបគ្រូពេទ្យតាមការកំណាត់ និងជាពិសេសពិសាថ្នាំឱ្យគ្រប់ចំនួន និងធ្វើលំហាត់ប្រាណជាប្រចាំ។

នាយកុយ និយាយដូចជាលេងសើចបន្តិចដើម្បីបន្ធូរអារម្មណ៍តានតឹងរបស់ខ្លួនដោយប្រាប់ថា « ប្រហែលយមរាជមិនទាន់ត្រូវការខ្ញុំ ខ្ញុំមិនស្លាប់ទេ ពេលឈឺគឺចង់មានអ្នកផ្តល់កម្លាំងចិត្ត ហើយបងប្អូនអាចកក់រោងបាន ខែក្រោយចេញសម្តែងវិញបានហើយ»។

បើទោះបីជាពេលនេះស្ថានភាពសុខភាពរបស់នាយ កុយ ពិតជាបានធូរស្បើយច្រើនក៏ពិតមែន ប៉ុន្តែលោកនៅឈឺមុខរបួសនៅឡើយនិងរងចាំឱ្យមុខរបួសជាសះស្បើយសិន ទើបអាចចេញសម្ដែងកំប្លែង ឬកាត់សក់តាមរោងការបាន​ដូចធម្មតាវិញ ។ តារាកំប្លែងរូបនេះបញ្ជាក់ថា សព្វថ្ងៃលោកសម្រាកថែទាំខ្លួននៅគេហដ្ឋានកូនស្រីរបស់លោក យ៉ាងណាមិញ លោកក៏ត្រូវឡើងទៅមន្ទីរពេទ្យថៃម្ដងទៀតដើម្បីបន្តចាក់ថ្នាំគីមីនៅខែក្រោយ។

នាអំឡុងពេលថែទាំខ្លួនគេហដ្ឋានកូនស្រីនៅតារាកំប្លែង ជួង ជី ហៅនាយកុយ ស្វាគមន៍ជានិច្ចចំពោះសិល្បករ និងមហាជនអ្នកគាំទ្រដែលមានបំណងចង់សួរសុខទុក្ខពីសុខភាពរបស់លោក ដោយមកជួបលោកផ្ទាល់។ លោក៏បានថ្លែងអំណរគុណដល់បណ្តាសប្បុរសជននានា និងមហាជនអ្នកគាំទ្រទាំងអស់ ដែលតែងតែព្រួយបារម្ភ ពីសុខភាពរបស់លោក និងជូនពរលោកឱ្យឆាប់ជាសះស្បើយកន្លងមក។ សព្វថ្ងៃនេះ នាយ កុយ កំពុងស្នាក់នៅផ្ទះកូនស្រី ក្នុងបុរីរុងរឿង ខណ្ឌជ្រោយចង្វា រាជាធានីភ្នំពេញ ៕

Share.