សិល្បៈជាតិ៖ នាដការី សាលី ស្រីមាស ទទួលបានការរ៉ាប់រងព្យាបាលជំងឺទាំងស្រុងចំពោះជំងឺខូចតម្រងនោមយ៉ាងធ្ងន់ធ្ងរ។ នាដការបាំព្រះរាជទ្រព្យមានវ័យ ២៤ ឆ្នាំ។


សប្បុរសជនយល់ឃើញថា នាដការីវ័យក្មេង សាលី ស្រីមាស ដែលបានដើរតួជាសិល្បៈការនីគំរូម្នាក់ ដល់យុវជនបន្តវេនជំនាន់ក្រោយ ដោយសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើនក្នុងការសម្ដែងសិល្បៈចម្រុះ របាំអប្សរា របាំក្ងោក ការសម្ដែងរឿងបុរាណទាំងនៅកម្ពុជា និងក្រៅប្រទេស ជាមួយកាយវិការដ៏រស់រវើក និងពោរពេញទៅដោយសក្តានុពល ក្នុងការជួយផ្សព្វផ្សាយវិស័យសិល្បៈបុរាណខ្មែរ។ មូលហេតុនេះ បានជំរុញឱ្យសប្បុរសជនហ៊ានចំណាយថវិកាលើការព្យាបាលនាដការី សាលី ស្រីមាស។
ជាមួយគ្នានោះដែរ ប្រធានសមាគមសិល្បករខ្មែរលើកឡើងរំលឹកថា ជុំវិញព័ត៌មានជុំវិញស្ថានភាព ជំងឺដ៏អាក្រក់របស់នាដការី សាលី ស្រីមាស គឺបានបំផុតឱ្យមានការអំពាវនាវរកជំនួយរបស់នាដការីពីក្រុមគ្រួសារ មិត្តភ័ក្តិ និងមហាជន គឺពិតជាពិតជាធ្វើឱ្យមហាជនទូទាំងប្រទេសរំជួលចិត្តយ៉ាងខ្លាំង ហើយទទួលបានសប្បុរសជនព្រមរ៉ាប់រងព្យាបាលទាំងស្រុងតែម្ដង។

នាដការី សាលី ស្រីមាស បានតបអរគុណចំពោះទឹកចិត្តសប្បុរសទៅកាន់សប្បុរសជនទាំងអស់ថា ៖ «ថ្ងៃនេះនាងខ្ញុំ ពិតជារំភើបត្រេកអរណាស់ ក្រោយពីបានលឺដំណឹងដ៏ល្អបំផុតមួយ ថានាងខ្ញុំ ទទួលបានជំនួយពីក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនដែលមានការរីកចម្រើនលើគ្រប់វិស័យ បានរ៉ាប់រងផ្ដល់ថវិកាជួយព្យាបាលនាងខ្ញុំ ដែលផ្តល់ក្តី សង្ឃឹមជាថ្មី ផ្តល់កម្លាំងចិត្ត បន្ដការសម្រាកព្យាបាល និងបំពេញក្ដីស្រមៃ ថែរក្សាការផ្សព្វផ្សាយ ជួយលើកស្ទួយសិល្បៈបុរាណខ្មែរឱ្យគង់វង្ស។ យ៉ាងណាមិញ សូមអរគុណដល់លោកជំទាវ ម៉ៅ ចំណាន ដែលបានជួយជ្រោមជ្រែង ក្នុងការស្វែងរកជំនួយ ដល់នាងខ្ញុំ ជាចុងក្រោយ នាងខ្ញុំសុំលើកម្រាមដៃដប់សូមអរគុណ ចំពោះទឹកចិត្តដ៏ធំធេង និងក្ដីមេត្តាករុណាដល់នាងខ្ញុំជាសិល្បៈករបុរាណ។ នាងខ្ញុំសូមជូនពរដល់ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងក្រុមគ្រួសារ និង បងប្អូនសប្បុរសជនទាំងអស់ ជួបតែសេចក្តីសុខចម្រើនបរិបូរណ៍ និងជៀសផុតពីជំងឺទាំងឡាយទាំងពួង។ »

