ព្រះសីហនុ ៖ ជនសង្ស័យជនជាតិចិនចំនួន៤នាក់ដែលបានបង្កភាពចរាចលផ្ទុះអាវុធ នៅក្នុងសណ្ឋាគារណាន់ហៃ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ២០២៥ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីពួកគេបានធ្វើសកម្មភាពនៅវេលាម៉ោង ១០ៈ១៥ នាទីព្រឹកថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២៥ នៅក្នុងសណ្ឋា គារណាន ហៃ ស្ថិតក្នុងភូមិ១ សង្កាត់លេខ ៣ ក្រុងនិងខេត្តព្រះសីហនុ។

ជុំវិញករណីផ្ទុះអាវុធនេះផងដែរបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ១៤នាទី មានករណី ផ្ទុះ អាវុធ មួយកើតឡើង បង្កដោយជនជាតិចិន នៅចំណុចកាស៊ីណូ និងសណ្ឋាគារណាន ហៃ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ ភ្លាមៗនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនឡរបាលខេត្ត បានបញ្ជាឲ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការក្រុងព្រះសីហនុ ចុះទៅកន្លែងកើតហេតុធ្វេីការស្រាវជ្រាវ ដោយកំណត់មុខសញ្ញាបានជនសង្ស័យម្នាក់ឡើងជិះរថយន្ត ០១គ្រឿង ម៉ាក ស៊ឺដេស ពណ៌ស នៅចំនុចមន្ទីរពេទ្យឯកជន មួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។

ក្រោយពីបានសាកសួរព័ត៌មាននៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅវេលាម៉ោង១០និង១៩នាទី នៅក្នុង ហូថេល ណានហៃ ជាន់ទី០២ មានការផ្ទះអាវុធ០១គ្រាប់ បង្កឡើងដោយជនជាតិចិន។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់ចុះមកក្រោម សន្តិសុខធ្វើការនៅទីនោះ បានស្ទាក់ចាប់ តែជនសង្ស័យ បានបាញ់០១គ្រាប់ទៀត រួចរត់ចេញក្រៅសំដៅទៅរថយន្ត ម៉ាកPrius ពណ៌ស ដែលចតនៅលើផ្លូវខាងក្រៅ ជនសង្ស័យចូលក្នុងរថយន្តបញ្ឆេះអត់ដំណើរការ ទើបជនសង្ស័យបានទូរស័ព្ទហៅមិត្តភក្តិមកយក។
មធ្យោបាយរត់គេចខ្លួន រថយន្តម៉ាក សូដេស ពណ៌ស អត់ស្គាល់ផ្លាកលេខ ធ្វើដំណើរចេញពីផ្លូវ ប្លូរបេ ឈប់ចាំយកជនសង្ស័យមុខកន្លែងលាងឡាន ជិតសុីហ៊ូ រួចបើករត់គេចខ្លួនទៅតាមផ្លូវផ្សារព្រីនស៍ ចូលទៅពេទ្យ ហើយកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ តាមទៅឃាត់ជនសង្ស័យបានម្នាក់់ ជាជនជាតិចិន (រងរបួសផ្ទុះអាវុធ ដោយខ្លួនឯង) ត្រូវ ០១គ្រាប់ ចំភ្លៅខាងឆ្វេង កំពុងដេកសម្រាកនៅមន្ទីពេទ្យ ឯកជន និងបក្សពួក ចំនួន០៣នាក់ (ចិន២នាក់, ស្រី១នាក់/ខ្មែរ១នាក់ ភេទប្រុស) និងដកហូតរថយន្ត ចំនួន០១ គ្រឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងអនុវត្តនីតិវិធីច្បាប់ រីឯវត្ថុតាងកែវសមត្ថកិច្ចបានរកឃើញរួមមាន៖សំបកគ្រាប់ ចំនួន ២គ្រាប់ និងគ្រាប់ចំនួន ៤គ្រាប់ នៅកន្លែងកើតហេតុ។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំជនជាតិចិនចំនួន០៤នាក់ ស្រី ០១នាក់ និងរថយន្ត ០១គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់។
អត្ថបទ៖ ឈុន គឹមហៃ

