សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោក អៀង ពិសិដ្ឋ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហកម្ពុជា ស្រុកស្វាយលើ និងសហការី បាននាំយកអំណោយមនុស្សធម៌ ចូលរួមបុណ្យសពកុមារា កុមារី ២នាក់ រងគ្រោះដោយឧបទ្ទវហេតុផ្ទុះមីនកាលពីព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ នៅចំណុចអូរត្រពាំងកូនទា ស្ថិតនៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

កុមាររងគ្រោះទាំង២មានឈ្មោះ ទី១ កុមារាឈ្មោះ ធំ ប្រុសយ៉េត អាយុ២ឆ្នាំ រស់នៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។ និងទី២ កុមារីឈ្មោះ ម លីសា ភេទស្រី អាយុ ២ឆ្នាំ រស់នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងសមានចិត្តក្ដុកក្ដួល លោក សុំ សំអន បានសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារចៅៗទាំង២ ជាពិសេសដែលចៅៗទាំង២ទើបតែមានអាយុ២ឆ្នាំប៉ុនណោះ បែរជាជួបឡើងអកុសលត្រូវចាកលោក ចោលឱពុកម្ដាយយ៉ាងដូច្នេះ។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចំពោះគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ឬសំណល់សង្គ្រាមផ្សេង ប្រសិនបើបានប្រទះឃើញ សូមប្រញាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឱ្យបានលឿនបំផុង និងមិនត្រូវប៉ះពាល់ ដំ កាប់ ឬគប់ គ្រាប់ទាំងទោះឡើយ ព្រោះវាអាចផ្ទុះបណ្ដាលឱ្យគ្រោះថ្នាក់របួស ពិការ ឬបាត់បង់ជីវិតបានដោយងាយ។
គួរំលឹកដែរថា កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្មេងប្រុសស្រី២នាក់បងប្អូន បានស្លាប់ ម្នាក់ស្លាប់នៅកន្លែង ម្នាក់ទៀតបានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ ក្នុងហេតុការណ៍ផ្ទុះគ្រាប់៦៦មម នៅក្នុងភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។ បន្ទាប់ពីកុមារទាំងពីរនាក់បាននាំគ្នាទៅលេងដីខាងមុខផ្ទះ ចម្ងាយ៥ម៉ែត្រ ស្រាប់តែប៉ះចំគ្រាប់មីនផ្ទុះកក្រើកដី បណ្តាលឱ្យស្លា.ប់ទាំងពីរនាក់តែម្តង។
ក្រោយកើតហេតុភ្លាមៗ អាជ្ញាធរស៊ីម៉ាក់បានចុះទៅពិនិត្យ កោសល្យវិច័យ គ្រាប់ដែលផ្ទុះនោះដោយបានបញ្ជាក់ថា ជាប្រភេទគ្រាប់៦៦មម(B-63) ជាសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម កប់ដី ដែលពលរដ្ឋមិនដឹង លុះនៅពេលដែលក្មេងទាំង២នាក់ ឆ្កឹះកាយដីលេង ប៉ះ ក៏ផ្ទុះតែម្តង។



បច្ចុប្បន្ន សពកុមាររងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើពិធីបុណ្យសព នៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប៕
អត្ថបទ៖ តាតុងសែនជ័យ

