ក្លិបបញ្ជាការដ្ឋានអង្គរក្ស បានក្លាយជាម្ចាស់ជើងឯក ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) លើកទី២ រដូវកាល ២០២៤-២០២៥ ក្រោយយកឈ្នះសមាគមបាល់ទះវិសាខា ក្នុងលទ្ធផល ៣-០ (២៥-២០, ២៥-២០, ២៥-១៨) នៅវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី២៣ កុម្ភ: ២០២៥ ក្នុងសាលវិមាននៃពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

សម្រាប់ការគ្រងជាម្ចាស់ជើងឯករបស់ក្លិបបញ្ជាការដ្ឋានអង្គរក្ស ក៏ជាលើកទី២ ផងដែរដែលបានការពារតំណែងជើងឯកបាន ២រដូវកាលជាប់គ្នា។ ចំណាត់ថ្នាក់ទទួលបាន ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) លើកទី២ រដូវកាល ២០២៤-២០២៥៖
- ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ទទួលបានជ័យលាភីលេខ១ ទទួលបានពានរង្វាន់ មេដាយមាស និងថវិកា ចំនួន ៦០លានរៀល
- សមាគមកីឡាបាល់ទះវិខាសា ទទួលបានជ័យលាភីលេខ២ ទទួលបាន មេដាយប្រាក់ និងថវិកា ចំនួន ១២លានរៀល
- សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ទទួលបានជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ និងថវិកា ចំនួន ១០លានរៀល
- ក្លិបកីឡាបាល់ទះស្នងការដ្ឋានន.ប ខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ៤ ថវិកា ចំនួន ៨លានរៀល
ដោយឡែកសម្រាប់ម្ចាស់ពានរង្វាន់ឯកត្តជនមានដូចខាងក្រោម៖
- Nugraha Luvi Febrian របស់បញ្ជាការដ្ឋានអង្គរក្ស ឈ្នះពានកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ MVP និងពានរង្វាន់កីឡាករវាយប្រយុទ្ធខាងស្ដាំល្អជាងគេ


- មឿន ម៉េងឡាយ របស់ក្រសួងមហាផ្ទៃ ឈ្នះពានរង្វាន់កីឡាករវាយប្រយុទ្ធខាងស្ដាំល្អជាងគេ

- ធី ម៉េងហួង របស់ក្រសួងមហាផ្ទៃ ឈ្នះពានរង្វាន់កីឡាករវាយប្រយុទ្ធខាងឆ្វេងល្អជាងគេ

- Aditya Viko Zulfan របស់បញ្ជាការដ្ឋានអង្គរក្ស ឈ្នះពានរង្វាន់កីឡាករលើកបាល់ល្អជាងគេ

- សេង គឺមហាប់ របស់វិសាខា ឈ្នះពានរង្វាន់កីឡាករការពារល្អជាងគេ

- Sherigar Praful របស់ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ឈ្នះពានរង្វាន់កីឡាករធ្វើរនាំងល្អជាងគេ

- ឈាង ជីវែង របស់បញ្ជាការដ្ឋានអង្គរក្ស ឈ្នះពានរង្វាន់កីឡាករធ្វើរនាំងល្អជាងគេ

ដោយឡែកសម្រាប់កីឡាករ ហួត សុភា របស់ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ទទួលបានពានរង្វាន់កីឡាករដែលមានវ័យចាស់ជាងគេប្រចាំព្រឹត្តិការណ៍

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) លើកទី២ រដូវកាល ២០២៤-២០២៥ មានសមាគម-ក្លិបកីឡាបាល់ទះ ចំនួនទាំង៨ រួមមាន÷
- សមាគមកីឡាបាល់ទះវិសាខា
- សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ
- ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស
- ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣
- ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ
- ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តពោធិ៍សាត់
- ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) លើកទី២ បានចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយប្រកួតរៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាលវិមាននៃពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។
គួរបញ្ជាក់ថា ក្លិបបញ្ជាការដ្ឋានអង្គរក្ស បានក្លាយជាម្ចាស់ជើងឯក សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) លើកទី១ រដូវកាល ២០២៤ ក្រោយយកឈ្នះលើសមាគមបាល់ទះវិសាខា ក្នុងលទ្ធផល ៣-១ (២៥-១៩, ២៥-២០, ២១-២៥, ២៥-១៩) នៅពហុកីឡដ្ឋានជាតិ ខណ:ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រសួងមហាផ្ទៃ ៣-២ (២៦-២៨ ២៤-២៥ ២៥-១៦ ១៧-១៥)៕


