ព្រះសីហនុ ៖ ប្រជាកសិករដែលប្រកបរបរដាំដំឡូងមី និងមានសង្ឃឹម ខណៈដែលក្រុមហ៊ុនចិនបាននឹងកំពុងប្រមូលទិញដំឡូងមីស្ងួត នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា មានដូចជា ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក លោក ហ្សូ ប៊ីន (XU BIN ) នាយកក្រុមហ៊ុននាំដំឡូងមីស្ងួតចេញទៅប្រទេសចិន។

លោកនាយកក្រុមហ៊ុនក៏បានបន្ថែមថា ថ្ងៃនេះដំឡូងមីស្ងួតចំនួន១ម៉ឺនតោន និងធ្វើការនាំចេញហើយដោយក្រុមហ៊ុននិងបន្តទិញដំឡូងពីប្រជាកសិករក្នុងឆ្នាំ ២០២៥ នេះឲ្យបានចំនួន១០ ម៉ឺនតោនបន្ថែមទៀត។

លោក ហ្សូ ប៊ីន (XU BIN ) នាយកក្រុមហ៊ុន ក៏បានបញ្ជាក់បន្ថែមថា លោកមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចនេះលោកនឹងបណ្ដាក់ទុនក្នុងការទិញដំឡូងមីស្ងួតពីកសិករដែលកន្លងមកពួកគាត់ដាំបានតែរកទីផ្សារមិនបាន ដែលធ្វើឲ្យពួកគាត់ជួបបញ្ហាប្រឈមក្នុងការលក់ចេញ ចំពោះការប្រមូលទិញដំឡូងនាពេលនេះគឺតម្លៃសមស្របទៅនឹងការប្រកួតប្រជែងទីផ្សារនៅតាមបណ្ដាប្រទេសជិតខាង ហើយនៅថ្ងៃខាងមុខលោកនឹងគ្រោងបង្កើតរោងចក្រដ៏ធំមួយសម្រាប់ការច្នៃដំឡូងមីស្ងួតនៅក្នុងប្រទេសកម្ពុជាផងដែរ។

សម្រាប់ប្រទេសចិនទីផ្សារដំឡូងមីគឺមានតម្រូវការច្រើនសន្ធឹកសន្ធាប់រាប់រយលានតោន ហើយក្រុមហ៊ុនរបស់លោកធ្លាប់ដំណើរការនាំចេញដំឡូងនៅក្នុងអំឡុងឆ្នាំ២០១៥ដល់ឆ្នាំ២០១៨ តែដោយសារជំងឺ covid រីករាលដាបានធ្វើឲ្យមានការផ្អាកក្នុងការនាំចេញ តែនៅក្នុងឆ្នាំ ២០២៥ នេះក្រុមហ៊ុនរបស់លោកនិងចាប់ផ្ដើមប្រមូលទិញដំឡូងមីស្ងួតឡើងវិញ។ ទាំងនេះគឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរកទីផ្សារលើវិស័យកសិកម្មដំឡូងជូនប្រជាពលរដ្ឋនៃប្រទេសកម្ពុជាផងដែរ៕

អត្ថបទ៖ ឈុន គឹមហៃ

Share.