តាកែវ៖ លោក កៅ វគ្គសែល អភិបាលស្រុកសំរោងបានបញ្ជាក់ខ្លីថា ករណីភ្លើងឆេះ នៅភ្នំជីសូរកាលពីរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ពុំមានប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនៅជុំវិញ និងប្រសាទលើភ្នំនោះទេ។

សូមបញ្ជាក់ដែរថា ភ្នំជីសូរ ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ស្រាប់តែនៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ កើតមានករណីឆេះព្រៃភ្នំជីសូរយ៉ាងសន្ធោសន្ធៅ បង្កឱ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច នាំគ្នាពន្លត់ភ្លើង រហូតភ្លើងរត់ទៅវិញ នៅយប់ថ្ងៃដ៏ដែរ។

តាមប្រជាពលរដ្ឋខ្លះ បានលើកឡើងថា មូលហេតុដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃភ្នំជីសូរនេះ អាចបណ្តាលមកពីអ្នកចូលរកឃ្មុំ ដុតភ្លើងយកឃ្មុំ ខណៈដែលតំបន់ខាងលើ មិនទាន់មានភ្លៀងកក់ខែ អាកាសធាតុក្តៅស្ងួត ក៏បង្កជាភ្លើងឆេះព្រៃតែម្តងទៅ។

ជុំវិញករណីភ្លើងឆេះព្រៃភ្នំជីសូរនេះ លោក កៅ វគ្គសែល ថា ភ្លើងបានរលត់ទៅវិញអស់ហើយ ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ពីមូលហេតុបណ្ដាលឲ្យភ្លើងឆេះនោះទេ ដោយសារលោកជាប់ប្រជុំ៕

