ត្បូងឃ្មុំៈ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ និងពិនិត្យអណ្ដូងទឹកចំនួន១២ ក្នុងនោះ បូមដោយម៉ូទ័រសូឡាចំនួន២ ក្នុងភូមិសាស្ត្រឃុំកក់ ស្រុកពញាក្រែក នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ តែងតែគិតគូពីសុខទុក្ខការលំបាករបស់ប្រជាពលដ្ឋទូទៅនៅគ្រប់ទីកន្លែង។ ពិសេសការផ្តល់អណ្តូងទឹកទាំង១២នាពេលនេះ គឺជាការរួមចំណែកខ្ពស់ចំពោះជីវភាពរបស់ប្រជាកសិករ ដែលប្រកបមុខរបរកសិកម្ម ដាំដុះ ដំណាំ របស់បងប្អូនប្រជាពលដ្ឋនៅក្នុងឃុំកក់ ស្រុកពញាក្រែកទាំងមូល។

ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់ពលរដ្ឋទាំងអស់ដែលបានទទួលប្រយោជន៍ពីអណ្ដូងទឹកទាំង១២ ព្រមសមិទ្ធផលនានា ដែលបានផ្ដល់ឱ្យនាពេលនេះ ត្រូវយកចិត្តទុកដាក់ថែរក្សាការពារឱ្យបានគង់វង្ស ដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែង។ ម្យ៉ាងទៀត អាជ្ញាធរមូលដ្ឋាន ត្រូវតែផ្សព្វផ្សាយដល់ពលរដ្ឋក្នុងមូលដ្ឋាននេះ បន្ថែមទៀតពីសារៈប្រយោជន៍នៃការប្រើប្រាស់អណ្ដូងសម្រាប់បូមប្រើប្រាស់ក្នុងការស្រោចស្រពដំណាំ ក៏ដូចជាប្រើប្រាស់ទឹកស្អាតនេះ ក្នុងជីវភាពប្រចាំថ្ងៃ ឱ្យគាត់យល់កាន់តែច្បាស់ផងដែរ ។

តមក ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត  ក៏បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្ទះអតីតយុទ្ធជន ព្រមទាំងទីតាំងតំបន់ដីប្រើប្រាស់ច្រើនយ៉ាង ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ។
  នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំ និងលើកទឹកចិត្តដល់គ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែទាំផ្ទះ និងដីឱ្យបានល្អ ដើម្បីរក្សាបាននូវការរស់នៅល្អ និងជីវភាពប្រសើរជាងមុនតាមរយៈការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីទទួលបានចំណូលក្នុងប្រចាំថ្ងៃ ។

បើតាមការឲ្យពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានលើកឡើងថា ៖ ដោយមានការយកចិត្តទុកខ្ពស់ពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានជម្រុញដល់មន្ទីរជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធ ចុះមកពិនិត្យដល់ទីតាំងដីស្រែ ដើម្បីជួយស្វែងរកប្រភពទឹកអន្តរាគមន៍លើបញ្ហាខ្វះខាតទឹក សម្រាប់ធ្វើស្រែប្រមាណជាង៣០០ហិកតា ពោលគឺមិនត្រូវទុកឱ្យមានការខូចខាត ដោយសារតែយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាពនោះឡើយ ។

ជាក់ស្តែង អណ្តូងទឹកចំនួន១២ ដែលក្នុងនោះ អណ្តូង២ ប្រើម៉ូទ័របូមដោយប្រព័ន្ធសូឡា ត្រូវបានផ្តួចផ្តើម និងចូលរួមឧបត្ថម្ភពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរស្រុក/ឃុំ បានកៀរគរសប្បុរសជន បង្កើតឲ្យមានសមិទ្ធផលទាំងនេះឡើង អាចផ្តល់ទឹកស្រោចស្រពស្រូវស្រែប្រាំង ជួយសង្គ្រោះស្រូវរបស់ពួកគាត់បានទាន់ពេលវេលាផងដែរ ៕


អត្ថបទ៖ អាចារ្យលាក់

Share.