បន្ទាយមានជ័យ៖ ថ្មីៗនេះ​ ​មាន​ជនរងគ្រោះ​ម្នាក់​ឈ្មោះ សូល រិទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមន្រ្តីកងរាជអាវុធហត្ថ មានទីលំនៅនៅភូមិចំការឪឡឹក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បាននាំឈ្មោះ សែម ម៉ាប់ ភេទប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​មណ្ឌល៧ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មក​កាន់​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត និង​ប្ដឹង​ជន​សង្ស័យ​ ស្ដី​ពី​ករណី​ឆបោក​ ​ព្រោះ​លក់​រថយន្ត​១​គ្រឿង​ ​ម៉ាក​ឡង់គ្រីស្ស័រ​ ផលិត​ឆ្នាំ​២០១០​ ឡើង​សេរី​ឆ្នាំ​២០២២​ឱ្យ​រូប​ខ្លួន​ដោយ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ ក្នុង​តម្លៃ​៣១០០០​ដុល្លារ​អាមេរិក​ ​កាល​ពី​ថ្ងៃ​ទី​០៥​ ​ខែ​ធ្នូ ​ឆ្នាំ​២០២៣​ ​នៅ​ចំណុច​ការ៉ាស់សាំង​ភីធីធី​ ​ស្ថិត​ក្នុង​សង្កាត់​ដង្កោ​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​។​ ​

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យ​ដឹង​ថា​ ​ក្រោយ​កម្លាំង​ជំនាញ​សួរ​នាំ​ទៅ​លើ​ជនសង្ស័យ​ ​ដោយ​ជនសង្ស័យ​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​បាន​លក់​រថយន្ត​ដោយ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ហើយ​ ​លោក​បាន​រាយការណ៍​ជូន​លោក​ឧត្ដមសេនីយ៍​ត្រី​ បោន ប៊ិន ​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ​និង​ទទួល​បាន​ការ​សម្រប​សម្រួល​នីតិវិធី​ពី​ ​ឯក​ឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តផងនោះ ទើបមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួនជនសង្ស័យរូបនោះភ្លាមៗតែម្ដង ហើយកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់កាបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី២១​ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ចតុមុខ

Share.