សេដ្ឋកិច្ចជាតិ៖ កម្ពុជា និងជប៉ុន ត្រៀមបង្កើតរោងជាងសម្រាប់ធ្វើការកែច្នៃ សំណល់ជ័រ លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម ផលិតចេញជាវត្ថុអនុស្សាវរីយ៍ ដើម្បីផ្ដល់ឱកាសការងារដល់ជនពិការ។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងអង្គភាពស៊ីម៉ាក់ (CMAC) និងអង្គការ On The Road របស់ជប៉ុន នៅថ្ងៃទី ២៤ កុម្ភៈ ២០២៥។

ពិធីហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា គឺដើម្បីផ្ទេរបច្ចេកវិទ្យា កែច្នៃសំណល់ជ័រ និងលោហធាតុពីយុទ្ធភណ្ឌសង្រ្គាម ជាវត្ថុអនុស្សាវរីយ៍ដូចជា ខ្សែក ក្រវិល ចិញ្ចៀន កន្លាស់អាវ ជាដើម។ តាមរយៈកិច្ចព្រមព្រៀងនេះ ស៊ីម៉ាក់នឹងបង្កើតរោងជាង ដើម្បីកែច្នៃសំណល់ទាំងនេះដោយបានទទួលការបណ្តុះបណ្តាលពីវិចិត្រជប៉ុន និងផ្តល់សម្ភារៈបច្ចេកទេស។ វត្ថុអនុស្សាវរីយ៍ដែលផលិតនឹងតាំងលក់នៅ សារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប និងទីផ្សារជប៉ុន។

គម្រោងនេះនឹងផ្តល់ការងារ ដល់ជនពិការដែលរងផលប៉ះពាល់ដោយសារមីន និងចូលរួមបង្កើតផលិតផលសន្តិភាព ពីសំណល់គ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម ដែលពុំមានប្រយោជន៍ផ្នែកសង្គ្រាមទៀត។
គួរបញ្ជាក់ថា ពិធីហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នេះធ្វើនៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញក្រោមវត្តមាន ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Ayumu TAKAHASHI ប្រធានក្រុមប្រឹក្សាអង្គការ On The Road លើគម្រោងផ្ទេរបច្ចេកវិទ្យាក្នុងការកែច្នៃសំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាមដើម្បីផលិតអនុស្សាវរីយ៍៕

