បុគ្គលជោគជ័យ៖ គ្រូបង្រៀនទ្រឹស្ដីផែនការអាជីវកម្មជោគជ័យ ប៊ុន ផាក ត្រូវបានអ្នកលេងបណ្ដាញសង្គមនាំគ្នាគាស់រឿងអាស្រូវកាលពីប៉ុន្មានឆ្នាំមុន ក្រោយបុគ្គលល្បីឈ្មោះរូបនេះបញ្ចេញទស្សនៈ ៥ យ៉ាង ។
សំណេរលោក ប៊ុន ផាក លើឡើងថា ៖ ៥ យ៉ាងបញ្ជាក់ថាអ្នកជាមនុស្សមានផ្លូវចិត្តទន់ខ្សោយ ១- និយាយច្រើនពេក មិនចេះទប់សម្តីខ្លួនឯង ២- ប្រតិកម្មខ្លាំងៗចំពោះរឿង ឬទស្សនៈដែលផ្ទុយពីការយល់ឃើញរបស់ខ្លួន ៣- ចូលចិត្តប្រើពាក្យអសុរស គ្រោតគ្រៀត ៤- គ្មានគោលការណ៍ខ្លួនឯង គេនិយាយអ្វីក៏ត្រូវ ៥- មិនហ៊ានបញ្ចេញទស្សនៈរបស់ខ្លួន ។


ក្រោយបញ្ចេញសំណេរនេះឡើង មិនយូរប៉ុន្មានស្រាប់តែ Peypey Dy ជាម្ចាស់ផលិតកម្ម Film Conner បញ្ចេញសារឌឺដងវីញភ្លាមៗថា៖ 5 យ៉ាងបញ្ជាក់ថាអ្នកជាមនុស្សមានផ្លូវចិត្តរឹងមាំ ១- ទ្រឹស្តី100 តែមាយាទ0 ២- មិនខ្វល់ពីបុណ្យបាប បោកបានគឺបោក ៣- មិនមែនភេទទី3 តែជាជនទី3 ៤- មិនចូលចិត្តប្រើពាក្យអសុរស តែផ្អែមរលួយដើម្បីលុយ ៥- លក់សៀវភៅជោគជ័យ តែជីវិតពិតបរាជ័យ។
សួរថាហេតុអ្វីបានជាអ្នកទាំងពីរឈានដល់ការបោះពាក្យសម្ដីឌឺដងគ្នានៅលើបណ្ដាញសង្គមបែបនេះ ? ក្រឡែកទៅមើលប៉ុន្មានថ្ងៃនេះ Peypey Dy មានបញ្ហាជាមួយភ្ញៀវនៅហាងកាហ្វេ បន្ទាប់ពីភ្ញៀវជាន់សាឡុងអង្គុយដោយស្បែកជើងប្រឡាក់បោកមិនជ្រះ ។ តែដោយឡែក ប៊ុន ផាក ក៏បង្ហោះសារឡើងថា ៖ «ភ្ញៀវជួយគាំទ្រយើង យើងគួរតែអរគុណភ្ញៀវ មិនអាចខឹងគាត់ទេ ទោះមានរឿងអ្វីក៏ដោយ» ។ សំណេងនោះហាក់បោះសម្ដីធ្វើឱ្យ Peypey Dy កាន់តែក្ដៅស្លឹកត្រចៀកថែម ។


យ៉ាងណាមិញ ក្រោយផ្ទុះរឿងឌឺដងសម្ដីគ្នានៅលើបណ្ដាញសង្គមរវាង បុគ្គលទ្រឹស្ដីផែនការអាជីវកម្ម ប៊ុន ផាក និងPeypey Dy បានធ្វើអ្នកលេងបណ្ដាញសង្គមហាក់ឈឺឆ្អាលនឹង Peypey Dy ដោយពួកគេនាំគ្នាស៊ែររឿងអាស្រូវ ប៊ុន ផាក ដែលត្រូវបានកម្លាំងសមត្ថកិច្ចបទខ្លួនបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញតាមពាក្យបណ្តឹងព្រហ្មទណ្ឌជនរងគ្រោះ ឈ្មោះ ជា ចាន់តុលា កាលពីឆ្នាំ ២០២១នោះ ឡើងផ្អើលព្រោងព្រាតឡើងវិញ។
បើមើលលើការបញ្ចេញមតិភាគច្រើនពីអ្នកលេងបណ្ដាញសង្គមពួកគេយល់ឃើញថាករណី ប៊ុន ផាក បានចូលខ្លួនមកបោះសម្ដីថាឱ្យ Peypey Dy គឺជាការនាំទុកដាក់ខ្លួន បើទោះបីចង់បង្វែឱ្យមហាជនងាកមកចាប់អារម្មណ៍វគ្គទ្រឹស្ដីផែនការអាជីវកម្ម ប៉ុន្តែស្រពពេលដែលមហាជនចាត់ទុករូបលោកជាបុគ្គលតោងមនុស្សស្រីដើម្បីជីវភាពច្រើនជាង៕

