កាល​ពី​រសៀល​ថ្ងៃទី២៣ កុម្ភ: គណៈ​កម្មាធិការ​កីឡាបាល់​ទាត់​មិត្តភាព​យុវជនអន្ដរក្រសួង-ស្ថាប័ន បាន​រៀបចំសន្និសិតសារព័ត៌មាន និង​ចាប់​ពូល ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ឆ្នាំ២០២៥ ដោយ​មាន​ក្រុម​តំណាងក្រសួង-ស្ថាប័នចូល​រួម​ចំនួន ៣៥ក្រុម ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈ​កម្មាធិការ​កីឡាបាល់​ទាត់​មិត្តភាព​យុវជនអន្ដរក្រសួង-ស្ថាប័ន និងលោកជំទាវ ដាំ ដារីនី អនុប្រធាន ស.ស.យ.ក តំណាង​ដ៏ខ្ពងខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បាន​បង្ហាញ​ការ​សាទរដល់គណៈ​កម្មាធិការ​កីឡាបាល់​ទាត់​មិត្តភាព​យុវជនអន្ដរក្រសួង-ស្ថាប័ន។

ថ្លៃ​ក្នុង​សន្និសិត​សារព័ត៌មាន ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈ​កម្មាធិការ​កីឡាបាល់​ទាត់​មិត្តភាព​យុវជនអន្ដរក្រសួង-ស្ថាប័ន បាន​មាន​ប្រសាសន៍​ថា ឆ្នាំនេះ​គឺ​ជាគម្រប់​ខួប​លើកទី១០ នៃ​ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» តាម​រយ:ចំនួនក្រុម​នៃការ​ចូល​រួម​ប្រកួត​ប្រជែង​សម្រាប់​ឆ្នាំនេះ គឺ​ជា​ការ​បំបែក​កំណត់ត្រាថ្មី​មួយ​ទៀតបើធៀប​ទៅ​ហ្នឹង​ឆ្នាំ​កន្លងទៅ។

​ឯកឧត្តម បាន​បញ្ជាក់ថា ការ​ចូល​រួម​មាន​ការ​កើន​ឡើង​នេះ​ដោយ​សារ​មាន​ការ​ចូល​រួម​ពី​សំណាក់​ស្ថាប័ន​ថ្មីៗ ក៏​ដូច​ជា​ការ​វិល​ត្រឡប់​ជាថ្មី​ពីសំណាក់​ក្រសួង-ស្ថាប័ន ចំនួន៣ ក្នុង​នោះ​រួម​មាន​ ក្រសួង​អធិការកិច្ច អគ្គលេខាធិការដ្ឋានរដ្ឋសភា និង​ក្រសួងកិច្ចការនារី។

ក្នុង​នោះ​ផង​ដែរ លោកជំទាវ ដាំ ដារីនី អនុប្រធាន ស.ស.យ.ក តំណាង​ដ៏ខ្ពងខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បាន​បង្ហាញ​ការ​សាទរដល់គណៈ​កម្មាធិការ​កីឡាបាល់​ទាត់​មិត្តភាព​យុវជនអន្ដរក្រសួង-ស្ថាប័ន ដែល​បាន​បង្កើ​អោយ​មាន​ការ​ប្រកួត​បាល់ទាត់ រវាង​ក្រុម​ការងារ​ក្រសួង​ និង​ស្ថាប័ននេះ​ឡើង។ លោកជំទាវ បាន​បង្ហាញ​ការ​គាំទ្រ និង​បន្ត​លើកទឹក​ចិត្ត​អោយ​មាន​ការ​រៀប​ចំ​ព្រឹត្តិការ​នេះ​ជារៀង​រាល់​ឆ្នាំបន្ត​ទៀត។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» រៀបចំឡើងដំបូង កាលពីឆ្នាំ២០១៣ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ក្នុងគោល​បំណង​លើក​កម្ពស់​ស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីក​កិច្ចស​ហប្រតិបត្តិការ​រវាង​យុវជន​តាមក្រសួង-ស្ថាប័នរដ្ឋ ក៏ដូចជាការលើកកម្ពស់សុខុមាលភាពរបស់មន្ដ្រីរាជការផងដែរ។

លទ្ធផលចាប់​ពូលរួចរាល់ មាន ៣៥ក្រុម ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ឆ្នាំ២០២៥៖

ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ឆ្នាំ២០២៥ មានក្រុមតំណាងក្រសួង-ស្ថាប័នចំនួន ៣៥ក្រុមចូលប្រកួត ដោយនឹង​ចាប់ផ្ដើមពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភាខាងមុខ នៅកីឡដ្ឋានស្ដាតចាស់។

ខាងក្រោម​នេះ​ជា​ប្រវត្តិក្រុម​ចូល​រួម​ប្រកួត​កន្លង​មក៖

លើកទី១៖ ២០១៣ ក្រុមចូលរួមមានចំនួន ៩
លើកទី២៖ ២០១៤ ក្រុមចូលរួមមានចំនួន ២២
លើកទី៣៖ ២០១៥ ក្រុមចូលរួមមានចំនួន ២៥
លើកទី៤៖ ២០១៦ ក្រុមចូលរួមមានចំនួន ២៩
លើកទី៥៖ ២០១៧ ក្រុមចូលរួមមានចំនួន ៣០
លើកទី៦៖ ២០១៨ ក្រុមចូលរួមមានចំនួន ៣១
លើកទី៧៖ ២០១៩ ក្រុមចូលរួមមានចំនួន ៣១
លើកទី៨៖ ២០២២ ក្រុមចូលរួមមានចំនួន ៣១
លើកទី៩៖ ២០២៤ ក្រុមចូលរួមមានចំនួន ៣៤

គួរបញ្ជាក់ថា សម្រាប់​ពានរង្វាន់​មិត្ត​ភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩ ក្រុមក្រសួងអប់រំ យុវជន និងកីឡា បានក្លាយជាម្ចាស់ជើង​ឯក ​បន្ទាប់ពី យកឈ្នះក្រុមក្រសួងសុខាភិបាល នៅ​វគ្គផ្ដាច់​​ព្រ័ត្រ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤៕

Share.