នៅ​ក្រុង​ប៉ោយប៉ែត កម្លាំង​សមត្ថកិច្ច នៃ​គណៈ​បញ្ជាការ​ដឹក​នាំ​ស្រាវជ្រាវ ស៊ើប​អង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ របស់​ក្រសួង​មហាផ្ទៃ​បាន​ឆ្មក់​ចូល​ក្នុង​ទីតាំង ២​កន្លែង ដោយ​បាន​រក​ឃើញ​ជន​បរទេស​សរុប​ចំនួន ២៣០​នាក់ មាន​ស្រី ៦៨​នាក់​, ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ចំនួន ១២៣​នាក់ ស្រី ៥៩​នាក់​ (ជិត​ពាក់​កណ្ដាល) ។ ជន​បរទេស​ទាំង​នោះ​កំពុង​សម្ងំ លាក់​ខ្លួន​លួចលាក់​ធ្វើ​ប្រតិបត្តិការ​អនឡាញ​ខុស​ច្បាប់ ដោយ​មាន​មេ​ក្លោង​ជា​ជន​ជាតិ​ចិន និង​ស្ថិត​ក្នុង​ស្ថាន​ភាព​រស់​នៅ​ធម្មតា ព្រមទាំង​ទទួល​យក​ការងារ​ខុស​ច្បាប់​ទាំង​នោះ​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​។ នេះ​បើ​យោង​តាម សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៥​នេះ​។

នគរបាល​ជាតិ​កម្ពុជា​បញ្ជាក់​ថា ជនជាតិ​ថៃ​ទាំង ១២៣ នាក់ នគរបាល​កម្ពុជា​នឹង​ស្នើសុំ​កិច្ចសហការ​ជា​មួយ​នគរបាល​ថៃ ដើម្បី​មាន​វិធានការ​បន្ត ក៏​ដូច​ជា​សហការ​ដើម្បី​កំណត់​មុខ​សញ្ញា​សំខាន់ៗ​ដទៃ​ទៀត ឈាន​ទៅ​ស្វែង​រក​ចាប់​ខ្លួន​ជន​ល្មើស​ជា​មេខ្លោង​យក​មក​អនុវត្ត​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំពោះ​ជន​បរទេស​ផ្សេង​ទៀត សមត្ថកិច្ច​កំពុង​ធ្វើ​ការ​សាកសួរ និង​ចាត់​វិធានការ​តាម​ច្បាប់​។

យោង​តាម​នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ និង ២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ក្រុម​ប្រតិបត្តិការ របស់​គណៈ​បញ្ជាការ ធ្វើ​ការ​ចុះ​ត្រួត​ពិនិត្យ​ជាក់​ស្ដែង​លើ​ទីតាំង​ចំនួន ២ទីតាំង ស្ថិត​ក្នុង​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ បន្ទាប់​ពី​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រយៈ​ពេល​ជាង​៣​ខែ​កន្លង​មក​ហើយ មុន​នឹង​ឈាន​ទៅ​បង្ក្រាប​ទី​តាំង​ទាំង​២​ខាង​លើ​នេះ​៕

Share.