ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺព័ត៌មានអំពីហេតុការណ៍ទំនាស់អំពើហិង្សាស្រាល ដែលបានកើតឡើងនៅស្តុបសាលាគ្រួស ក្នុងក្រុងសៀមរាប កាលពីលាម៉ោង២៣ និង ៤៥នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នោះ គឺពាក់ព័ន្ធនឹងទំនាស់ចរាចរណ៍រវាងប្រជាពលរដ្ឋ (អ្នកបើកម៉ូតូ) និងមន្ត្រីនគរបាល (អ្នកបើករថយន្ត) ដែលទាំងអស់គ្នាបានបើកបរនៅក្នុងស្ថានភាពមានជាតិអាកុល និងមិនគោរពសិទ្ធិអាទិភាព។ យ៉ាងណាមិញ គូភាគីទាំងពីរបាន ទទួលស្គាល់កំហុសរៀងៗខ្លួន និងបានសម្របសម្រួលគ្នាបញ្ចប់ទំនាស់រួចរាល់។
សូមចុចអាន៖ ៣សប្ដាហ៍មកនេះ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋ៦ម៉ឺនសេវាទូទាំងប្រទេស!






សូមអានខ្លឹមសារដូចខាងក្រោម៖
——
អ្នកនាំពាក្យ និងព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប មានកិត្តិយស សូមជម្រាបជូនអ្នកតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និង សាធារណជនមេត្តាជ្រាបដូចទៅ៖
១-ឈ្មោះ សែ សុខ ភេទប្រុស អាយុ ២៤ឆ្នាំ និងឈ្មោះ នាង សុឡេង ភេទប្រុស អាយុ ២៩ឆ្នាំ (ជនស៊ី វិល) បានឆ្លើយថា៖ វេលាម៉ោង២៣:០០នាទី ពួកខ្លួនបានចេញពីហាងសែនសប្បាយ៧ (ក្រោយស្អាត) ក្នុងភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ត្រឡប់ទៅកន្លែងធ្វើការ នៅដំណាក់ស្ប៉ា នៅផ្លូវក្រវ៉ាត់ក្រុង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ បើកដល់ចំណុចមុខសណ្ឋាគារស៊ីធី អង្គរ (ខាងកើតស្តុបគ្រួស) រូបខ្លួន (ឈ្មោះ នាង សុឡេង) បានស៊ីញ៉ូបត់ឆ្វេងបម្រុងឆ្លងថ្នល់ ស្រាប់តែមានរថយន្ត ០១គ្រឿង ម៉ាក PRIUS ជាន់ហ្វាំងយ៉ាងខ្លាំងពីក្រោយ ខ្លួនក៏បើកទៅមុខដល់ស្តុបសាលាគ្រួសក៏ឈប់ម៉ូតូ ហើយត្រូវបានភាគីអ្នកបើករថយន្តស្តីបន្ទោស ហើយនៅពេលភាគីអ្នកបើករថយន្ត (ឈ្មោះ ហាក់ ចន្ទដារា) បើកទ្វារបម្រុងចុះពីលើរថយន្តឈ្មោះ សែ សុខ បានស្ទុះទៅរុញទ្វារថយន្តមិនឱ្យចុះបាន ភ្លាមនោះអ្នកអមដំណើរ ម្នាក់ (ឈ្មោះ ប៊ុត សម្បត្តិ) បានចុះពីរថយន្តផ្នែកខាងស្តាំ ហើយវាយទៅលើឈ្មោះ នាង សុឡេង ចំមាត់ចំនួន ០១ដៃ បណ្តាលឱ្យរងរបួសស្រាល ភ្លាមនោះរូបខ្លួនក៏ប្រើហិង្សាទៅលើឈ្មោះ ប៊ុត សម្បត្តិ ជានគរបាលវិញ ប្រហែល ០២ ទៅ ០៣ដៃ។
២-ចំណែកឈ្មោះ ប៊ុត សម្បត្តិ ភេទប្រុស អាយុ ៤៣ឆ្នាំ, ឈ្មោះ ហាក់ ចន្ទដារា ភេទប្រុស អាយុ ៥០ឆ្នាំ (ជានគរបាលជាតិ)មុនពេលកើតហេតុរូបខ្លួនទាំងពីរបើករថយន្តចេញពីមុខវត្តកេសរារាម ស្ថិតភូមិតាភុល សង្កាត់ស្វាយដង្គំ បើកបរពីកើត ទៅលិច ក្នុងគោលបំណងទៅដេកប្រចាំការនៅស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ដល់មុខសណ្ឋាគារស៊ីធីអង្គរ (ខាងកើតស្តុបគ្រួស) ម៉ូតូខាងលើបានស៊ីញ៉ូហើយបំរ៉ុងបត់ឆ្លងថ្នល់កាត់ ពីមុខឡានខ្លួន ហើយខ្លួនបានជាន់ហ្វាំងយ៉ាងខ្លាំងព្រោះខ្លាចបុកប៉ះទៅលើភាគីខាងម៉ូតូ ភ្លាមនោះអ្នកបើកម៉ូតូ បានបើកទៅមុខដល់ស្តុបសាលាគ្រួស ហើយពួកខ្លួនក៏បានណែនាំទៅភាគីម៉ូតូថា បើកបរឱ្យមានការប្រុងប្រយ័ត្ន គោរពសិទ្ធិអាទិភាព ពេលនោះក៏ក្លាយជាទំនាស់ពាក្យសម្តីមានអំពើហិង្សាទៅវិញទៅមកដូចបានរៀបរាប់ខាង លើ។
សូមបញ្ជាក់ថា នៅក្នុងហេតុការនោះមានកម្លាំងនគរបាលកងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត សៀមរាបចុះទៅដល់កន្លែងកើតហេតុធ្វើការសម្របសម្រួល តែភាគីទាំងពីរពុំស្តាប់ក៏បាននាំយកទៅប្រគល់ជូន មន្ត្រីជំនាញព្រហ្មទណ្ឌ និងមន្ត្រីជំនាញចរាចរណ៍ផ្លូវគោកសហការបន្តនីតិវិធីដើម្បីពិនិត្យរកជាតិអាកុលលើភាគី ទំនាស់ដោយរកឃើញជាលទ្ធផលដូចខាងក្រោម៖
-ភាគីអ្នកជិះម៉ូតូ (ប្រជាពលរដ្ឋ)
១-ឈ្មោះ សែ សុខ ភេទប្រុស អាយុ ២៤ឆ្នាំ = ០០,០ ក្នុង ១លីត្រខ្យល់(អ្នកបើកបរម៉ូតូ)
២-ឈ្មោះ នាង សុឡេង ភេទប្រុស អាយុ ២៩ឆ្នាំ = ១,០៤ ក្នុង ១លីត្រខ្យល់
-ភាគីអ្នកជិះរថយន្ត (នគរបាល)
១-ឈ្មោះ ប៊ុត សម្បត្តិ ភេទប្រុស អាយុ ៤៣ឆ្នាំ = ០,៤៤ ក្នុង ១លីត្រខ្យល់
២-ឈ្មោះ ហាក់ ចន្ទដារា ភេទប្រុស អាយុ ៥០ឆ្នាំ = ០,៤០ ក្នុង ១លីត្រខ្យល់
អ្នកនាំព្យ និងក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមបញ្ជាក់ជូនថា ករណី ហិង្សាស្រាលដែលបានកើតឡើងនេះព្រោះតែភាគទាំងពីរនេះ បើកបរមានជាតិអាកុលក្នុងខ្លួន និងមិនគោរពសិទ្ធិអាទិភាព។ តែទោះយ៉ាងណា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ករណីខាងលើនេះគូភាគីទាំងពីរបាន ទទួលស្គាល់កំហុសរៀងៗខ្លួន និងបានសម្របសម្រួលគ្នាបញ្ចប់ទំនាស់រួចរាល់។
ចំពោះមន្ត្រីនគរបាលជាតិនិងប្រជាពលរដ្ឋដែលមន្ត្រីជំនាញចរាចរណ៍ផ្លូវគោកបានវាស់ជាតិអាកុលរក ឃើញអំពីលទ្ធផលខាងលើ គឺលោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នឹងអនុវត្តតាមច្បាប់ ចរាចរណ៍ផ្លូវគោក ជាពិសេសអនុវត្តតាមអនុក្រឹត្យលេខ៣៩ ត្រង់មាត្រា១០ លើអ្នកបើកបររថយន្ត និងមាត្រា៦ លើអ្នកបើកបរម៉ូតូ។ លើសពីនេះ មន្ត្រីនគរបាលជាតិទាំងពីររូបខាងលើ តាមបទបញ្ជារបស់លោកស្នងការ បានចាត់ក្រុមប្រឹក្សាវិន័យឱ្យពិនិត្យ និងចាត់ចែងតាមបទវិន័យនគរបាលជាតិ៕


