កណ្តាល ៖ បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនជាប្រចាំ ខឹងម្តាយប្រើឱ្យដាំបាយ បែជាដុតមុងសម្ភារៈ ឆេះរាលដល់ផ្ទះ កាន់កាំបិតគំរាមអ្នកជិតខាងមិនឱ្យចូលពន្លត់ភ្លើង រហូតដល់ផ្ទះឆេះហ្មត់ទាំងស្រុង សមត្ថកិច្ចចុះទៅឃាត់ខ្លួនបាន ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិត នៅក្នុងភូមិ រំលេច ឃុំ ទួលព្រេជ ស្រុក អង្គស្នួល ខេត្ត កណ្ដាល ។

ជនសង្ស័យមានឈ្មោះលឹម ទី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅផ្ទះកើតហេតុ ជាមួយម្តាយឈ្មោះ គុណ នឿន អាយុ ៥៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរំលេច ឃុំ ទួលព្រេជ ស្រុក អង្គស្នួល ខេត្ត កណ្ដាល ។

តាមប្រភពបានឱ្យដឹងថា ជនសង្ស័យជាមនុស្សញៀនថ្នាំ ហើយមុនកើតហេតុ ម្តាយបានប្រាប់កូនឱ្យដាក់ដាំបាយ ស្រាប់តែជនសង្ស័យខឹង ដុតមុង សម្ភារៈ ឆេះរាលដល់ផ្ទះ រត់ចេញមកក្រៅ កាន់កាំបិត រារាំង គំរាមអ្នកជិតខាងមិនឱ្យចូលពន្លត់ភ្លើង ទីបំផុតផ្ទះត្រូវបានភ្លើងឆេះខ្ទេច ដែលសង់ពីឈើប្រក់ស័ង្កសី ទំហំ៤ម៉ែត្រx៥ម៉ែត្រ ឆេះអស់ទាំងទ្រព្យសម្បត្តិ ។

ហេតុការណ៍ខាងលើ ត្រូវបានអ្នកភូមិ សមត្ថកិច្ច ចូលចាប់ឃាត់ខ្លួនបាន នាំយកទៅផ្នែកជំនាញ នៃអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.