ត្បូងឃ្មុំ ៖ ផ្ទះអ្នកលក់ដូរអុីវ៉ាន់ចាប់ហួយមួយកន្លែង ខណៈដែលម្ចាស់ដេកលង់លក់ ស្រាប់តែទុស្សេចរន្តអគ្គិសនី ឆាបឆេះសន្ធោសន្ធៅឡើង បង្កឱ្យភ្ញាក់ផ្អើល ពលរដ្ឋអ្នកភូមិ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ រងខូចាតទ្រព្យសម្បត្តិ អុីវ៉ាន់ ម៉ូតូ អស់ប្រមាណ៣៥០០០ដុល្លារ កាលពីវេលម៉ោង១០និង០៥នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ផ្ទះដែលអគ្គិភ័យឆាបឆេះ សាងសង់ពីឈើ ថ្មក្រោម ប្រក់ស័ង្កសី ទំហំ៨ម៉ែត្រx៣៥ម៉ែត្រ ប្រកបរបរលក់ដូរអុីវ៉ាន់ចាប់ហួយ មានម្ចាស់រងគ្រោះឈ្មោះ មិន ត្រេង ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបរលក់ដូរ និងប្រពន្ធ ឈ្មោះ មុល ស្រីឃាន អាយុ ៤៣ ឆ្នាំ មុខរបរ លក់ដូរ រស់នៅផ្ទះកើតហេតុ ។ សម្ភារៈខូចខាត ផ្ទះត្រូវបានឆេះស្ទើរតែទាំងស្រុង អុីវ៉ាន់ជាច្រើន ម៉ូតូចំនួន៤គ្រឿង ហុងដាឌ្រីមចំនួន៣គ្រឿង ហុងដាវ៉េវ ចំនួន១គ្រឿង គិតជាទឹកប្រាក់អស់ប្រមាណ៣៥០០០ដុល្លារ ។

តាមប្រភពបានឱ្យដឹងថា ខណៈដែលម្ចាស់កំពុងដេកលង់លក់ ស្រាប់តែទុស្សេចរន្តអគ្គិសនី ឆាបឆេះសន្ធោសន្ធៅឡើង បង្កឱ្យភ្ញាក់ផ្អើលពលរដ្ឋអ្នកភូមិ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង របស់ស្នងការខេត្តចំនួន៣គ្រឿង រថយន្តរបស់អធិការដ្ឋានស្រុកត្បូងឃ្មុំ១គ្រឿង ចេញទៅអន្តរាគមន៍ ពន្លត់ភ្លើង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.