សៀមរាប៖ ក្រោយមានគណនីហ្វេសប៊ុកបានបង្ហោះផ្សព្វផ្សាយពីករណីហិង្សាលើលោកនេនព្រះគ្រូចៅអធិការវត្ត សសរស្ដម្ភ ស្រុកពួក បានទទួលស្គាល់កំហុសដែលបានប្រើហិង្សាទៅលើនេនចំនួនពីរអង្គ ចំណែកគ្រួសាររបស់លោកនេន ក៏ទទួលស្គាល់កំហុសដូចគ្នាដែលបង្ហោះដំណឹង ដោយមិនបានពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ។

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរធម្មការ និងសាសនាខេត្ត សាលាគណខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកពួក ខេត្តសៀមរាប បានចុះធ្វើការស្រាវជ្រាវ បន្ទាប់ពីមានការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដោយឈ្មោះ chhem chanthy ថា ចៅអធិការវត្តសសរស្តម្ភ ប្រើប្រាស់អំពើហិង្សាលើលោកនេន រហូតបែកឈាមពេញខ្នង និងស្នើឱ្យអាជ្ញាធរជួយពិនិត្យមើលផ្នែកច្បាប់ផង។
បន្ទាប់ពីការសាកសួរ ព្រះតេជគុណ ម៉ែន សាម៉ន ចៅអធិការវត្តសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បានបំភ្លឺថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១០ព្រឹក ព្រះតេជគុណបានវាយប្រដៅទៅលើ សាមណេរចំនួន២អង្គពិតប្រាកដមែន ដោយនេនទី១.ឈ្មោះ ឈាន ច័ន្ទរតនា ទើបបួសបានរយ:ពេលជាង១ខែ និងនេនទី២.ឈ្មោះ នក តុលា ទើបបួសបានរយ:ពេល៤ខែ។ លោកចៅអធិការបន្តថា ការប្រៀនប្រដៅនេះដើម្បីណែនាំ ឱ្យសាមណេរប្រព្រឹត្ត ប្រតិបត្តតាមធម៌វិន័យព្រះពុទ្ធសាសនាឱ្យបានល្អប្រសើ ហើយការអប់រំនោះ
ពុំមានគំនុំគុំគួនអ្វីឡើយ។

ចំពោះករណីប្រៀនប្រដៅរហូតក្លាយជាអំពើហិង្សាលើនេនចំនួន២អង្គ នៅវត្តសសរស្ដម្ភ ចៅអធិការវត្ត បានទទួលស្គាល់កំហុស និងសន្យាមិនឱ្យកើតមានអំពើហិង្សាបន្តទៀតទេ។ ចំណែកអាណាព្យាបាលលោកនេនវិញ ក៏ទទួលស្គាល់កំហុសដូចគ្នាដែរ បន្ទាប់ពីបានសសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមិនទាន់ប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ។ បន្ទាប់មកភាគីព្រះចៅអធិការ និងអាណាព្យាបាលនេន បានធ្វើកិច្ចសន្យាបញ្ចប់រឿងដោយមិនមានប្តឹងផ្តល់អ្វីនោះទេ។

គួររំលឹកថា វត្តសសរស្ដម្ភ មាននេនសរុបចំនួន ១៣អង្គ កំពុងបួសរៀន និងគង់ចាំព្រះវស្សា។ ទន្ទឹមនោះ ជារឿយៗចៅអធិការ តែងតែបានប្រៀនប្រដៅទៅលើ លោកនេនៗ ដែលខុសឆ្គងក្នុងវិន័យសង្ឃជាប្រចាំ ពេលខ្លះមានការប្រើប្រាស់រំពាត់ជាដើម ដើម្បីអប់រំ និងណែនាំផងដែរ។ ចំពោះនេនទាំង២អង្គនេះ បច្ចុប្បន្ន លោកនេន១អង្គ ត្រូវបានផ្សឹក និង១អង្គទៀត ត្រូវបានផ្លាស់ប្តូរវត្ត ដើម្បីគង់នៅសិក្សារៀនសូត្របន្ត៕
អត្ថបទ ចតុមុខ

