សិល្បៈជាតិ៖ កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ បានធ្វើឡើងនៅរាត្រីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅសាលសន្និសីទចតុមុខ ដោយបានលើកបង្ហាញទម្រង់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាំងពីសម័យឧត្តុង្គរហូតមកដល់បច្ចុប្បន្ន ដើម្បីឱ្យមហាជន ក៏ដូចជាអ្នកច្នៃម៉ូដ និងអ្នកតែងសំអាងការបានសិក្សាឈ្វេងយល់ជាមូលដ្ឋាន។

លោកជំទាវ ឡងឌី សាន់ណារ៉ា បានលើកឡើងនាឱកាសដ៏វិសេសនេះថា ជាមួយការបង្ហាញនូវទម្រង់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរបែបសាមញ្ញប៉ុន្តែថ្លៃថ្នូរដែលជាកេរ្តិ៍តំណែលវប្បធម៌អរូបី យើងទាំងអស់គ្នាជាកូនខ្មែរជំនាន់ក្រោយ គឺមានភារកិច្ចថែរក្សា ការពារ លើកតម្កើងឱ្យក្លាយជាសកម្មភាព ជាក់ស្តែងឱ្យមានការប្រើប្រាស់កាន់តែពេញនិយមនៅក្នុងចំណោមយុវវ័យ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ។
លោកជំទាវ ឡងឌី សាន់ណារ៉ា បន្តថា កម្មវិធីខាងលើនេះគឺត្រូវបានបែងចែកជាបីវគ្គសំខាន់ៗ ដែលបានបង្ហាញនូវសម្លៀកបំពាក់គ្រប់សម័យកាល និងសម្លៀកបំណាក់អាពាហ៍ពិពាហ៍ខ្មែរតាំងពីសម័យឧត្តុង្គរហូតមកដល់បច្ចុប្បន្ន។ ក្នុងនោះក៏មានព្រឹត្ដិការណ៍បង្ហាញម៉ូតសម្លៀកបំពាក់ជាច្រើន រួមទាំងកម្រងវីដេអូឯកសារជាច្រើនវគ្គទៀត ដែលបានបង្ហាញពីសម្លៀកបំពាក់អាហ៍ពិពាហ៍ខ្មែរក្រោយសម័យអង្គរ ដោយចាប់ផ្ដើមពីដើមសម័យឧត្ដុង្គ រហូតដល់បច្ចុប្បន្ន និងការបង្ហាញម៉ូត «រាត្រីស្រមោសរ សំពត់បត់ខ្មែរ» ដ៏ស្រស់ស្អាតផូរផង់ដើរបង្ហាញដោយតារាចម្រៀង តារាសម្ដែង និងតារាបង្ហាញម៉ូតល្បីៗប្រចាំកម្ពុជា។

សំពត់បត់គឺជាមរតកវប្បធម៌អរូបី ដែលបានក្លាយមកពីសំពត់ស្ត្រីខ្មែរចេះស្លៀកតាំងពីមុនសម័យអង្គរ ជាច្រើនសម័យកាលតៗមក។ ការប្រើប្រាស់សំពត់គឺមានការវិវត្តផ្លាស់ប្តូរទៅតាមសម័យកាលដែលឆ្លងកាត់។ លក្ខណៈពិសេសរបស់សំពត់បត់ គឺធ្វើឱ្យអ្នកស្លៀកមានរាង ស្អាត មិនថាអ្នកស្លៀកនោះមានមាឌធំ រឺមានឧមាឌតូច ស្លៀកទៅគឺមើលឃើញមានរាងចង្កេះ មានត្រគាក សំពត់បត់អាចជួយលាក់ក្បាលពោះបានរហូត ៨០% ការស្លៀកសំពត់បត់ បត់ ទៅស្តាំ បត់ទៅឆ្វេង ទៅតាមទម្លាប់។
សំពត់បត់ខ្មែរមានសម្រុងជាមធ្យមលើភ្នែកគោ ៤ធ្នាប់ម្រាមដៃ រួមក្រោមបន្តិច មិនហើបភ្លី មិនបះក្រោយ មិនជ្រួញភ្លឺផ្នែកខាងមុខ មិនលៀនផ្នត់ មិនធ្លាក់ ផ្នែកជើងសំពត់ខាងមុខ អាចស្លៀកពីលើអាវបានយ៉ាងស្អាតសមសួន និងអាចប្រើប្រាស់តាម ពេលវេលាក្នុងភាពសាមញ្ញ ស្រគត់ស្រគុំ ថ្លៃថ្នូរ ។ សម្រាប់ប្រជាជនទូទៅអាចប្រើប្រាស់សម្លៀក បំពាក់នេះ សម្រាប់ពិធីផ្សេងៗ រីឯមន្ត្រីរាជការ ថ្នាក់ដឹកនាំ និងរាជវង្សព្រះមហាក្សត្រ ប្រើប្រាស់នៅពេលមានពិធីផ្លូវការ និងកិច្ចការរាជការ។ លើសពីនោះប្រជាពលរដ្ឋក៏អាចប្រើប្រាស់ជាប្រចាំថ្ងៃសម្រាប់កិច្ចការផ្លូវការទៅតាមផ្សេងៗក្នុងស្ថាប័ន បុណ្យប្រពៃណី និងកម្មវិធីនាពេលរាត្រីជាដើម។ល។

គួរជម្រាបថា កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរលើកទី២ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភរិយាថ្នាក់ដឹកនាំប្រទេស និងតាមបណ្ដាក្រសួង-ស្ថាប័ននានា រួមទាំងប្រជាពលរដ្ឋខ្មែរ សាធារណជន សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត៕

