ចរាចរណ៍៖ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៨និង៤៨នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍បន្តកន្ទុយគ្នា ៣ដង បង្កដោយរថយន្ត Toyota Prius ពណ៌ប្រផេះ ពាក់ផ្លាកលេខ 2BI-5732 បើកបរដោយបុរសម៉ាឡេស៊ីឈ្មោះ LING SIEW HING ក្នុងស្ថានភាពស្រវឹង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យរបួសធ្ងន់ជនជាតិវៀតណាមម្នាក់ជាអ្នកបើកបររម៉ឺកកង់៣ និងរបួសស្រាល២នាក់ គឺជាជនជាតិឥណ្ឌូណេស៊ី មានមុខរបរជាអ្នកធ្វើការកាស៊ីណូ។


គ្រោះថ្នាក់ចរាចរណ៍ខាងនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដោយនៅវេលាកើតហេតុនោះអ្នកបើកបររថយន្ត Toyota Prius គឺលោក Ling Siew Hing បានធ្វើដំណើរពីត្បូងទៅជើង (ពីសំពៅពូន-កោះធំ) ពេលទៅដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូម៉ាក HONDA FINO ពណ៌ស-ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1AI-9607 អត់កញ្ចក់ បើកបរដោយឈ្មោះ ANDI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី របួសស្រាល មានអ្នករួមដំណើរម្នាក់ឈ្មោះ YOLANDA AGUSTINE ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មានមុខរបរជា ធ្វើការកាស៊ីណូដូចគ្នា ស្នាក់នៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល អត់ពាក់មួកសុវត្ថិភាព (របួសស្រាល) ក្រោយពេលកើតហេតុត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។



ក្រោយពេលកើតហេតុរថយន្តបង្កខាងលើមិនបានឈប់ដោះស្រាយនោះឡើយ តែបានបន្តបើករត់មកដល់ចំណុចភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ក៏បានបុកជាមួយម៉ូតូសណ្តាងរ៉ឺម៉កម៉ាក HONDA DREAM សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កោះកុង 1A-0619 បើកបរដោយឈ្មោះ វិន ធិក ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបររត់កង់បី អត់ពាក់មួកសុវត្ថិភាព (របួសធ្ងន់) ក្រោយពេលកើតហេតុត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យវៀតណាម មុនពេលសមត្ថកិច្ចទៅដល់។ បន្ទាប់ពីបើកបុកលើកទីពីរនេះ អ្នកបើកបរនៅតែមិនព្រមឈប់ហើយបន្តបើករត់ទៀត បានចម្ងាយប្រហែល ៥០០ម៉ែត្រ ក៏ទៅបុកជាមួយរថយន្តម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ពាក់ផ្លាកលេខ 2BW-7395 បើកបរដោយឈ្មោះ ឡុញ ហុងលី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាប៉ោង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរ ជាងសំណង់ ទើបបញ្ឈប់រថយន្តបង្កហេតុបាន។ ករណីនេះ កម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានយកមធ្យោបាយខាងលើមករក្សាទុកបណ្ដោះអាសន្ន និងឃាត់ខ្លួនអ្នកបើកបររថយន្តបង្កខាងលើ នៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តចាត់ការតាមនីតិវិធី។



ក្រោយចាប់ឃាត់ខ្លួនជនជាតិម៉ាឡេស៊ី មានមុខរបរជាបុគ្គលិកកាស៊ូណូ ដែលជាជនបង្កហេតុ សមត្ថកិច្ចបានចាប់វាស់កម្រិតជាតិអាកុល លទ្ធផល ០,៩៥mg/l និងធ្វើតេស្តស្វែងរកសាធាតុញៀន តែលទ្ធផល អវិជ្ជមាន (-)។ បើតាមសេចក្ដីសន្និដ្ឋានបឋម ជនបង្កហេតុបើកបរក្រមមឥទ្ធិពលជាតិស្រវឹង និងព្យាយាមបើករត់គេចពីកន្លែងកើតហេតុ៕
អត្ថបទ៖ កណ្ដាល

