អគ្គីភ័យ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន២ទីតាំង ដោយមួយឆេះនៅខេត្តត្បូងឃ្មុំ និងមួយកន្លែងទៀតឆេះនៅខេត្តកណ្ដាល ដែលបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ បើគិតជាទឹកប្រាក់សរុបរាប់ម៉ឺនដុល្លារ។
ករណីទីមួយកើតឡើងនៅម៉ោង វេលាម៉ោង ១៧ និង ៣៥ នាទី ដឹងកើតហេតុម៉ោង ១៧ និង ៥០ នាទី នៅចំណុចភូមិកោះចាស់ សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល។ ម្ចាស់ផ្ទះមានឈ្មោះ ជឹម ទី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាអ្នកធ្វើការកាស៊ីណូ។ ករណីឆេះនេះបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី (ផ្ទុះសេខ្សែរភ្លើង) ចេញពីក្នុងផ្ទះទើបបណ្តាលឲ្យមានអណ្តាតភ្លើងឆាបឆេះតែម្តង។ ក្រោយពីទទួលពត៌មានភ្លាម លោកវរសេនីយ៍ឯក ឈុន ជឺឈួន អធិការនគរបាលក្រុងសំពៅពូន បានបញ្ជាដឹកនាំ អោយកម្លាំងអន្តរាគមន៍ កម្លាំងផ្នែកសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកស្តី អាជ្ញាធរភូមិ/សង្កាត់ យកម៉ាសុីនបូមទឹកជួយបាញ់ពន្លត់ និងដោយមានការសហការពីកម្លាំងអធិការដ្ឋាននគរស្រុកកោះធំ បានយករថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកកោះធំចំនួន ០១គ្រឿង ជួយបាញ់ពន្លត់ដោយបានប្រើប្រាស់ទឹកនៅអស់ចំនួន ០១រថយន្ត ទើបគ្រប់គ្រងបាន និងរលត់ជាស្ថាពរនៅវេលាម៉ោង ១៨ និង ៣០ នាទី។ ករណីនេះបណ្ដាលឱ្យផ្ទះសង់អំពីឈើទំហំ 5ម៉ែត្រX7ម៉ែត្រ ជញ្ជាំងក្តារ ប្រក់ស័ង្កសី (ឆេះខូចខាតទាំងស្រុង) ក្នុងនោះមានខូចខាតសម្ភារៈមួយចំនួនទៀតរួមមាន-ទូរដាក់សំលៀកបំពាក់ចំនួន ១ -ទូរដាក់ចានឆ្នាំងចំនួន ១ -ទូរស័ព្ទចំនួន ១គ្រឿង -ម៉ូតូចំនួន ១គ្រឿង -កង់ចំនួន ១គ្រឿង -ប្រាក់ចំនួន ៥០០ (ប្រាំរយ) ដុល្លារ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។







ករណីឆេះផ្ទះទីពីរ នៅក្នុងខេត្តត្បូងឃ្មុំ កើតឡើង វេលាម៉ោង ២២:០៥ នាទីយប់ ដោយអគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ មិន ត្រេង ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ និងប្រពន្ធ ឈ្មោះ មុល ស្រីឃាន អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់អីវ៉ាន់ចាប់ហួយ មានទីលំនៅ ភូមិ ប្រធាតុ ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ផ្ទះមួយខ្នងនេះមានទំហំ ៨x៣៥ ម៉ែត្រ សង់អំពីថ្មដំបូលប្រក់ដែកសង្កសីត្រូវបានឆាបឆេះផ្ទះអស់ចំនួន៧០%។ ដោយឡែកសម្ភារៈនៅក្នុងផ្ទះរួមមាន៖ ម៉ូតូចំនួន ០៤ គ្រឿង ម៉ាកឌ្រីមសង់ ចំនួន ០៣គ្រឿង និងម៉ាកវេវឆ្លាមចំនួន១គ្រឿង ត្រូវបានឆេះខូចខាតទាំងស្រុង។ ចំណែកអីវ៉ាន់ចាប់លក់ចាប់ហួយជាច្រើនមុខត្រូវបានឆេះខូចខាតអស់។ បើសរុបសម្ភារៈខូចខាតគិតជាទឹកប្រាក់អស់ប្រហែល៣៥០០០ដុល្លារ។ ទម្រាំអាចគ្រប់គ្រងអគ្គីភ័យនេះបានកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ខេត្តត្បូងឃ្មុំ បានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំចំនួន៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ស្មើនឹង២៦ម៉ែត្រ គូប៕






អត្ថបទ៖ កណ្ដាល + ចតុមុខ

