សេដ្ឋកិច្ចជាតិ៖ ភ្ញៀវទេសចរជិះនាវា SEABOURN ENCORE មានចំនួនប្រមាណ ៥០០នាក់ បាននាំគ្នាចូលសំចតច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាំគ្នាមកភ្លក្សអាហារ និងដើរកម្សាន្តលម្ហែកាយនៅក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍មួយនេះបានធ្វើដំណើរចាកចេញពីប្រទេសវៀតណាម ចូលមកសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង៦ និង ២០នាទី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៨ យប់ថ្ងៃដដែលនេះដើម្បីឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ។
SEABOURN ENCORE ជានាវាទេសចរណ៍ធំមួយមកពីកោះ BAHAMAS មានប្រវែងបណ្តោយ ២១០.៥ម៉ែត្រ ទទឹង ២៨.ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៥៤៦នាក់ ក្នុងនោះស្រី២៧៦នាក់ ស្មើនឹង១៩សញ្ជាតិ និងមាននាវិកសរុបចំនួន៤១៣នាក់ ស្រី១០៥នាក់ ស្មើនឹង ៤៧សញ្ជាតិ។
ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវា SEABOURN ENCORE មានសញ្ជាតិច្រើនជាងគេមានគឺ អាមេរិក ចំនួន ៣២២នាក់ និងអង់គ្លេសចំនួន ១០៥នាក់ ហើយក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ នៅពេលនាវាចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានភ្ញៀវទេសបរទេសមកពីខេត្តសៀមរាប បន្តដំណើរតាមនាវាចេញពីកម្ពុជាមានចំនួន៤៩នាក់ ស្រី២៤នាក់ ស្មើនឹង៥សញ្ជាតិ។

បានមកស្គាល់ពីទឹកដីសមុទ្រខៀវស្រងាត់មានខ្សាស់សក្បុសក្នុងខេត្តព្រះសីហនុ ភ្ញៀទេសចរណ៍ទាំងនោះបានសំដៅធ្វើដំណើរទៅកាន់ ភូមិនេសាទទំនប់រលកសង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាក់តោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ និងទៅកម្សាន្តតំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់ ដែលទីតាំងទាំងអស់នេះសុទ្ធតែជាគោលដៅទេសចរណ៍សំខាន់នៅខេត្តព្រះសីហនុ។
ដើម្បីស្វាគមន៍ភ្ញៀវទេសចរយ៉ាងកក់ក្ដៅជាកត្តាបង្កើនចំណូលសេដ្្ឋកិច្ចជាតិនោះ រដ្ឋបាលខេត្តព្រះសីហនុដែលនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងសមត្ថកិច្ចប្រចាំការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះសីហនុ បានជួយសម្របសម្រួលការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរមិនឱ្យខកបំណងឡើយ៕


