“​ធ្វើ​ឲ្យ​លឿន ធ្វើ​ឲ្យ​លះ តែ​បើ​ស្ទះ សុំ​គោលការណ៍​ ជា​រូបមន្ត​ធ្វើ​ការ ដែល​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត ចែករំលែក​ទៅ​កាន់​យុវជន ដើម្បី​ជា​ប្រទីប​ជំនួយ​ស្មារតី​ក្នុង​ពេល​បំពេញ​ការងារ​។ សម្ដេច​លើក​ឡើង​ឃ្លា​នេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅ​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៥​។

សម្ដេច​ពន្យល់​ថា ធ្វើ​ឲ្យ​លឿន សំដៅ​ដល់​ការ​ធ្វើ​កិច្ច​ការ​អ្វី​មួយ​ឲ្យ​លឿន​រហ័ស មិន​ដំអក់​ទុក​យូរ ដោយ​ប្រកាន់​នូវ​គោលការណ៍​៣ គឺ​ត្រូវ​មាន​វិធីសាស្ត្រ​ធ្វើ​ការ និង​មាន​កំណត់ត្រា​ការងារ​, ធ្វើ​ការ​បែងចែក​ការងារ​អាទិភាព និង​ត្រូវ​ចេះ​ធ្វើ​ប្រតិភូកម្ម​ការងារ (​ចែករំលែក​ការងារ​ឲ្យ​គេ​ជួយ​ធ្វើ​)​។ សម្ដេច​បន្ថែម​ថា បញ្ហា​ប្រឈម​ធំ គឺ “ភ្លេច” ដោយសារ​ការងារ​ច្រើន​។ ដូច្នេះ​ត្រូវ​តែ​ធ្វើ​កំណត់ត្រា​ការងារ ហើយ​បែងចែក​ការងារ​ទៅ​តាម​លំដាប់លំដោយ​អាទិភាព​បំផុត និង​អាទិភាព​បន្ទាប់​។ ចំពោះ​ការ​ធ្វើ​ប្រតិភូកម្ម​ការងារ ឬ​ចែករំលែក​ការងារ​ឲ្យ​គេ​ជួយ​ធ្វើ សម្ដេច​ណែនាំ​ថា ត្រូវ​បែងចែក​ឲ្យ​ត្រូវ​តាម​ជំនាញ និង​សមត្ថភាព​ក្រុម​ការងារ និង​ពន្យល់​ណែនាំ​ពី​គោលការណ៍​ឲ្យ​បាន​ច្បាស់លាស់​។

ចំណែក​ឯ​ឃ្លា​ថា ធ្វើ​ឲ្យ​លះ សម្ដេច​ពន្យល់​ថា ធ្វើ​ការងារ​អ្វី​មួយ​ត្រូវ​ក្ដាប់​គោលការណ៍​ថ្នាក់​ដឹកនាំ ឬ​គោលការណ៍​រួម​ឲ្យ​ច្បាស់ និង​អនុវត្ត​ការងារ​ដោយ​មិន​ស្រពិចស្រពិល និង​ប៉ិនប្រសប់​។ ត្រូវ​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​ទៅ​តាម​លទ្ធភាព និង​ហ៊ាន​សម្រេច​ចិត្ត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ស្រប​ទៅ​នឹង​គោលការណ៍​ដែល​ថ្នាក់​ដឹកនាំ​បាន​ដាក់​ចេញ​។

ប្រសិនបើ​មាន​បញ្ហា​រាំងស្ទះ លើស​ពី​លទ្ធភាព​ដែល​ខ្លួន​ដោះស្រាយ​បាន ត្រូវ​រាយការណ៍​ទៅ​ថ្នាក់​ដឹកនាំ និង​សុំ​គោលការណ៍​ដើម្បី​ដោះស្រាយ​។ ចៀសវាង​សម្ងំ​ទុក ឬ​ព្យាយាម​ដោះស្រាយ​ទាំង​ទទឹង​ទិស នាំ​ឲ្យ​បញ្ហា​រីក​កាន់​តែ​ធំ​។ នេះ​ជា​ការ​លើកឡើង​របស់​សម្ដេច​ធិបតី​។ សម្ដេច​ថ្លែង​ថា ប្រាកដ​ណាស់​ការងារ​មួយ​ចំនួន​មិន​សម្រេច​តាម​ការ​គ្រោង​ទុក​នោះ​ទេ ប៉ុន្តែ​ត្រូវ​រាយការណ៍​ជា​ដំណាក់កាល ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​បាន​ដឹង​និង​ធ្វើ​ការ​សម្រេចចិត្ត​ដោះស្រាយ​បន្ត​។

សម្ដេច​ក៏​បាន​ក្រើន​រំឭក​ផង​ដែរ​ថា កុំ​ឲ្យ​ធ្វេសប្រហែស​លើ​កិច្ចការ​តូចៗ ព្រោះ​វា​អាច​បង្ក​ឲ្យ​ទៅ​ជា​បញ្ហា​ប៉ះពាល់​ដល់​ការងារ​ធំ​បាន​។ សម្ដេច​លើកឡើង​ថា “​កាន់​តែ​ធំ កាន់​តែ​គិត ការងារ​ល្អិត ជា​ការងារ ដែល​សំខាន់​”​

អត្ថបទ៖ ឈិន ធារ៉ាត់

Share.