សេដ្ឋកិច្ចជាតិ៖ ផលិតផលសក្តានុពលខ្មែរសំខាន់ៗមួយចំនួនកំពុងបន្តធ្វើការផ្សព្វផ្សាយជំរុញទីផ្សារលក់ក្នុងប្រទេស​ជប៉ុន ហើយកម្ពុជាក៏កំពុងបន្តស្វែងរកដៃគូនាំចេញនាំចូលផលិតផលខ្មែរបន្ថែមទៀតទៅកាន់ទីផ្សារជប៉ុនដូចគ្នា។ នេះបើតាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។

កន្លងមកមានក្រុមហ៊ុនឯកជនជប៉ុនដែលបាននាំចូល និងចែកចាយលក់ផលិតផលខ្មែរនៅប្រទេសជប៉ុន ចំនួន ៩ក្រុមហ៊ុន ដោយក្រុមហ៊ុនទាំងនោះ បានចូលរួមតាំងបង្ហាញផលិតផលខ្មែរ និងបានរៀបចំតាំងបង្ហាញផលិតផលសក្តានុពលខ្មែរសំខាន់ៗមួយចំនួន ដូចជា៖ អង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ជ្រក់ម្រេច ដំណាប់ស្វាយ ទឹកស្វាយ កាហ្វេមណ្ឌលគិរី ស្ករត្នោត ស្រាសខ្មែរ ស្រាបៀរអង្គរ ក្រម៉ាខ្មែរ ជាដើមនោះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារកម្ពុជា Cambodia Food Show ដែលប្រព្រឹត្តទៅនៅស្ថានទូតកម្ពុជា។

ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងពង្រីកការយល់ដឹងជាអន្តរជាតិអំពីវប្បធម៌ម្ហូបអាហារខ្មែរដ៏សម្បូរបែប និងកេរ្តិ៍ដំណែលនៃការធ្វើម្ហូបរាប់ពាន់ឆ្នាំរាប់មិនអស់ ជាពិសេសសៀវភៅមុខម្ហូបខ្មែរ “The Taste of Angkor” ជាមួយនឹងការបង្ហាញអំពីការធ្វើម្ហូប (Cooking demonstration) ដោយចុងភៅខ្មែរដ៏ល្បីមកពីភោជនីយដ្ឋានលម្អង ខេត្តសៀមរាប ការតាំងបង្ហាញផលិតផលខ្មែរ និងសិក្ខាសាលាផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្មកម្ពុជា ក្នុងទិសដៅចូលរួមលើកកម្ពស់ការទូតម្ហូបអាហារខ្មែរ និងពង្រីកទីផ្សារផលិតផលខ្មែរក្នុងប្រទេសជប៉ុន ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។

ព្រឹត្តិការណ៍ពិព័រណ៍នេះបានសម្របសម្រួលរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រោមអធិបតីភាពឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងឯកឧត្តម Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងមានការចូលរួមពីវាគ្មិនកិត្តយសជប៉ុន ភ្ញៀវកិត្តិយសមកពីក្រសួង-ស្ថាប័នជប៉ុនពាក់ព័ន្ធ ប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុនជប៉ុន សរុបប្រមាណ ១០០នាក់៕

Share.