កំពង់ចាម៖ មន្ត្រីនគរបាលម្នាក់ដែលទទួលរងរបួសក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសប្លន់ប្រដាប់អាវុធ នៅខេត្តកំពង់ចាម ទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន ១០០០ដុល្លារ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ កម្លាំងអន្តរាគមន៍ បើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសប្លន់ប្រដាប់ដោយអាវុធ ដែលមានជនសង្ស័យសរុបចំនួន៥នាក់ (ស្រី២នាក់)។ នៅក្នុងពេលប្រតិបត្តិការ ជនល្មើសប្រដាប់ដោយអាវុធខ្លី K54 បាញ់មកលើសមត្ថកិច្ចបណ្ដាលឱ្យ វរសេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌស្រាល រងរបួសគល់ភ្លៅ និងធ្លាយឆ្អឹង ហើយបាននាំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
ក្រោយបិទបញ្ចប់កិច្ចប្រតិបត្តិការ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានចុះមកសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន ១,០០០ដុល្លារមកប្រគល់ជូនដល់កងកម្លាំង ដែលត្រូវរបួសក្នុងពេលបំពេញភារកិច្ច រួមជាមួយនឹងគ្រួសារផងដែរ៕
អត្ថបទ៖ កណ្ដាល










