ខេត្តព្រះសីហនុ៖ ក្នុងជំនួបសម្តែងការគួរសមជាមួយលោក រ៉ូតហ្គើ ហេស្ទីក (Rutger Heijsteeg) នាយកក្រុមហ៊ុនប្រចាំតំបន់ MAERSK (Cambodia) Ltd. នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ផែនការនេះបែងចែកជាតំបន់ផ្សេងៗ រួមមានតំបន់ដឹកជញ្ជូន (Logistic) តំបន់ទីក្រុងសមាហរណកម្ម តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ទេសចរណ៍ (តំបន់កោះ) ព្រមទាំងតំបន់កសិកម្ម និងឧស្សាហកម្ម។


លោកអភិបាលខេត្តបានបន្តថា ខេត្តព្រះសីហនុមានសក្តានុពលភូមិសាស្ត្រ និងវិទ្យាសាស្ត្រពិសេស ដោយស្ថិតនៅភាគនារតីនៃប្រទេសកម្ពុជា និងបែងចែកជា ៣ក្រុង និង ៣ស្រុក។ ខេត្តនេះមានឧត្តមភាពលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម។ លើសពីនេះ ខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនចម្រុះ រួមមានផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ព្រមទាំងផ្លូវល្បឿនលឿន ដែលជួយសម្រួលដល់ការធ្វើដំណើរទៅកាន់រាជធានី និងខេត្តផ្សេងទៀត។



ជាពិសេស ខេត្តព្រះសីហនុជាច្រកចេញ-ចូលដ៏សំខាន់មួយរបស់កម្ពុជាតាមផ្លូវទឹក ដោយមានកំពង់ផែចំនួនបី គឺកំពង់ផែកែវផុស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍកំពង់ផែទាំងនេះជាបីដំណាក់កាល ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ដោយបង្កើនជម្រៅទឹកពី ១៤,៥០ ម៉ែត្រ ទៅ ១៧,៥០ ម៉ែត្រ ដើម្បីគាំទ្រដល់គោលនយោបាយអភិវឌ្ឍខេត្តនេះជាតំបន់សេដ្ឋកិច្ចពិសេស។








ចំណែកលោក រ៉ូតហ្គើ ហេស្ទីក បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តដែលបានទទួលជួបពិភាក្សា។ លោកបានបង្ហាញពីឆន្ទៈក្នុងការវិនិយោគនៅខេត្តព្រះសីហនុ ដោយសរសើរសមិទ្ធផលរបស់រដ្ឋបាលខេត្តក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកក៏បានលើកឡើងថា កំពង់ផែនៅខេត្តនេះទទួលបានទំនិញ ១ លាន TEU (កុងតឺន័រ) ហើយក្រុមហ៊ុន MAERSK មានទំនាក់ទំនងជាមួយការអភិវឌ្ឍ និងការវិនិយោគថ្មីៗនៅកំពង់ផែក្រុងព្រះសីហនុ។ ក្រុមហ៊ុននេះផ្តោតលើការដឹកជញ្ជូនផលិតផលកសិកម្មទៅតំបន់អាស៊ីអាគ្នេយ៍ និងសម្លៀកបំពាក់ ស្បែកជើងទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកបានបន្ថែមថា ក្រុមហ៊ុន MAERSK បានចាប់ផ្តើមអាជីវកម្មនៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ស្របពេលកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ក្រុមហ៊ុននេះជាក្រុមហ៊ុនដឹកជញ្ជូនធំជាងគេមួយ ដែលមានខ្សែច្រវាក់ផ្គត់ផ្គង់សកល និងប្រតិបត្តិការនៅជាង ១៣០ ប្រទេស។ លោកបានបង្ហាញចំណាប់អារម្មណ៍ច្បាស់លាស់ក្នុងការពង្រីកសកម្មភាពដឹកជញ្ជូននៅកម្ពុជា ជាពិសេសនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយផ្អែកលើកំណត់ត្រាល្អក្នុងការអភិវឌ្ឍ និងប្រតិបត្តិការ។

