សិល្បៈជាតិ៖ ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ដើម្បីជួសជុលលើកតម្លៃកំពែងថ្មជ្រុងខាងលិច ផ្នែកខាងជើងនៃប្រាសាទតាព្រហ្ម ដើម្បីលើកតម្លៃសំណង់បុរាណមួយនេះ បន្ទាប់ពីបានរងការខូចខាតទ្រុឌទ្រោម ដោយមូលហេតុជាច្រើន។

ក្នុងគម្រោងដំណាក់កាលទី៣ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ក៏បានធ្វើការជួសជុលពង្រឹងឡើងវិញកំពែងថ្មបាយក្រៀម ជ្រុងខាងលិច ផ្នែកខាងជើង នៃប្រាសាទតាព្រហ្ម មានប្រវែងសរុបចំនួន៣០ម៉ែត្រ។
រចនាសម្ពន្ធនៃកំពែងថ្មបាយក្រៀមបានខូចខាតយ៉ាងច្រើន ជាពិសេសដើមឈើរលំសង្កត់ពីលើ និងកត្តាអាយុកាលនៃសំណង់ ធ្វើឱ្យគុណភាពនៃគ្រឹះខាងក្រោមបានថមថយ ចំណែកថ្មបាយក្រៀម ក៏បានបែកបាក់មួយចំនួន។
ហេតុដូច្នេះ ក្រុមការងារនៅទីនេះ បានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីសិក្សាពីស្ថានភាពគ្រឹះនៃកំពែង ទើបចាប់ផ្តើមធ្វើសម្រង់ប្លង់ បង់លេខនិងចុះបញ្ជីថ្មបាយក្រៀម ។ រួចបន្តការងារជួសជុលពង្រឹងគ្រឹះខាងក្រោមដែលពុកផុយ រៀបចំជួសជុលថ្មដែលខូចខាតឬបែបបាក់ ទើបរៀបចំផ្គុំថ្មសាកល្បង មុនរៀបចំទៅកាន់ទីតាំងដើមវិញ ដោយអនុវត្តតាមលំនាំពីបុរាណ។

ដោយសារស្ថានភាពរបស់ថ្មបាយក្រៀមខ្លះ មានសភាពពុកផុយនិងខូចខាតច្រើន ប៉ុន្តែអ្នកជំនាញនឹងព្យាយាមជួសជុលនិងប្រើប្រាស់ថ្មចាស់ឱ្យអស់ពីលទ្ធភាពមុននិងសម្រេចជំនួសដោយថ្មថ្មី។ ការងារនេះ គ្រោងចំណាយពេលចំនួន៦ខែ ទើបរួចរាល់ ដោយបានចាប់ផ្តើមពីខែមករា ឆ្នាំ២០២៥មក។
ចំពោះដំណើរការជួសជុលកំពែង នៃប្រាសាទតាព្រហ្ម ក្រុមការងារបានសហការយ៉ាងជិតស្និទជាមួយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ដោយអនុវត្តទៅតាមដំណាក់កាលៗ និងតាមអនុសាសន៍អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ធ្វើយ៉ាងណាឱ្យរចនាសម្ពន្ធនៃកំពែងទាំងមូល មានលំនឹង អាចទ្រទម្ងន់យ៉ាងរឹងមាំ បន្តអាយុកាលទៅពេលខាងមុខ។ ទាំងនេះជាបើតាមការបញ្ជាក់ពីលោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម៕


