
ក្លិបមហាសេដ្ឋីម៉ាឡេស៊ី Johor Darul Ta’zim FC បានក្លាយជាម្ចាស់ជើងឯកលីគកំពូលម៉ាឡេស៊ី Malaysia Super League រដូវកាល ២០២៤-២៥ ក្រោយឆ្លងកាត់ ២០ប្រកួត ឈ្នះ១៩ ស្មើ១ មិនដែលចាញ់ មាន៥៨ពិន្ទុ។
ក្រុមបាល់ទាត់ Johor Darul Ta’zim ក៏បានបន្តកាន់កាប់កំណត់ត្រាប្រកួតមិនចាញ់សោះ ៨០ប្រកួតជាប់ៗគ្នានៅលីគកំពូលម៉ាឡេស៊ី គិតចាប់តាំងពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៥។

គួរដឹងថាក្លិបបាល់ទាត់ Jorhor Darul Ta’zim របស់ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim បានគ្រងតំណែងជើងឯកពានរង្វាន់លីគកំពូលរបស់ប្រទេសម៉ាឡេស៊ី Malaysia Super League ចំនួន១១ឆ្នាំជាប់ៗគ្នាហើយ គឺគិតចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ។
ក្លិបដែលមានកីឡដ្ឋានជាប់ឈ្មោះជាកីឡដ្ឋានស្អាតជាងគេបំផុតនៅលើលោកក្នុងឆ្នាំ ២០២០ មួយនេះបានឡើងមកលេងពានរង្វាន់លីគកំពូលម៉ាឡេស៊ី នៅរដូវកាល ២០០៥-២០០៦ ហើយឈ្នះជើងឯក១១លើកជាប់ៗគ្នាគឺនៅឆ្នាំ២០១៤,២០១៥,២០១៦,២០១៧,២០១៨,២០១៩,២០២០,២០២១,២០២២,២០២៣,២០២៤-២៥ នេះ៕


