សិល្បៈជាតិ៖ ជារឿងគួរឱ្យស្ងប់ស្ងែងយ៉ាងក្រៃលែងដែលកម្មវិធីប្រគួតសម្រស់អន្តរជាតិ Miss Global បាននាំស្រីស្អាតកំពូលសម្រស់មកពី ៧៥ ប្រទេស ធ្វើដំណើរទស្សនៈកិច្ចនៅក្នុងសារមន្ទីរជាតិ ដើម្បីជាចំណែកមួយក្នុងការចូលរួមផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោក។

សម្រាប់ឆ្នាំ ២០២៥ នេះកម្ពុជាត្រៀមខ្លួនធ្វើជាសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រគួតសម្រស់លំដាប់អន្តរជាតិ Miss Global ជាមួយប្រទេសថៃ ដែលនឹងចាប់ផ្តើមប្រគួតហើយក្នុងពេលឆាប់ៗខាងមុខនេះ ។ កម្មវិធីប្រគួតនេះនឹងផ្តល់ចំណេញច្រើនសម្រាប់កម្ពុជាពិសេសគឺជាឱកាសផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និងសក្កដានុពលរបស់កម្ពុជាទៅកាន់ពិភពលោក ខណៈដែលបេក្ខភាពកំពូលសម្រស់មកពីជុំវិញពិភពលោក ។

ក្នុងនាមជាម្ចាស់ផ្ទះ គណៈរៀបចំកម្មវិធីបានជ្រើសយករាជធានីភ្នំពេញ និងរម្មណីយដ្ឋានប្រវត្តិសាស្ត្រនៅខេត្តតាកែវ នៅប្រាសាទទន្លេបាទី ធ្វើជាទីតាំងសម្រាប់កញ្ញាឯកមកពី ៧៥ប្រទេសចម្រុះសញ្ជាតិបង្ហាញឈុតតំណាងជាតិរបស់ខ្លួននៅទីនោះ។ រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាចក្រកម្ពុជានឹងក្លាយជាទីកន្លែងស្វាគមន៍សំខាន់រួមមានទាំងសារមន្ទីរជាតិកម្ពុជា ព្រះបរមរាជវាំង វត្តភ្នំ ទួលស្លែង ជើងឯក និងការបង្អួតពីអាហារ សិល្បៈវប្បធម៌។

គួររំលឹកដែរថា នេះគឺជាឆ្នាំទី១១ហើយដែលព្រឹត្តិការណ៍ប្រគួតសម្រស់លំដាប់អន្តរជាតិដែលបង្កើតឡើងនៅសហរដ្ឋអាមេរិកនេះត្រូវបានធ្វើឡើងខណៈដែលកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងឆ្នាំ ២០១៧ និងធ្លាប់ធ្វើសហម្ចាស់ផ្ទះកាលពីឆ្នាំ ២០២៣។ ឆ្នាំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះជាមួយនឹងកម្មវីធីបំពាក់ឈៀង កម្មវិធីសប្បុរសធមជួយដល់មជ្ឈមណ្ឌលស្រី្តដែលមានវិបត្តិ ក្មេងកំព្រា និងសិស្សក្រីក្រ។

ផលិតកម្មមហាហង្សនឹងគ្រប់គ្រងការផលិតនៅកម្ពុជា​ ហេីយកម្ពុជានឹងចំណេញច្រើនពីការប្រគួតកម្មវិធីអន្តរជាតិនេះ ព្រោះតែបេក្ខភាពតំណាងឲ្យប្រទេសទាំង៧៥ នឹងធ្វើបទបង្ហាញការថតរូប ការចូលរួមសកម្មភាពសង្គម និងព្រឹត្តិការណ៍សំខាន់ៗដោយបានទាំងនាំយកនូវទិដ្ឋភាពដ៏ស្រស់ស្អាត អាហារដ៏ឆ្ងុយឆ្ងាញ់ ស្នាញញឹមដ៏រួសរាយរាក់ទាក់របស់ប្រជាជនខ្មែរផ្ញើទៅកាន់ពិភពលោក។ ក្រោយពីបញ្ចប់សកម្មភាពបង្ហាញមុខនិងកម្មវិធីនានាបេក្ខភាពទាំងអស់នឹងត្រូវត្រឡប់ទៅកាន់ប្រទេសថៃនៅថ្ងៃទី៣ ខែមីនាឆ្នាំ ២០២៥នេះ។

សូមជម្រាបថា កញ្ញា ឃុន ស្រីខួច គឺជាបេក្ខនារីផ្លូវការតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រគួតក្នុងកម្មវិធីនេះ ហើយមុនកម្មវិធីប្រកួតឈានចូលមកដល់ កញ្ញាក៏ត្រៀមរួចជាស្រេចក្នុងការចូលរួមប្រគួតនិងការស្វាគមន៍វត្តមានកញ្ញាឯកទាំងអស់ក្នុងនាមជាម្ចាស់ផ្ទះផងដែរ៕

Share.