បាងកក៖ សារព័ត៌មានក្នុងស្រុករបស់ថៃ Khaosod បានរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានបញ្ជាឱ្យស៊ើបអង្កេតលើករណីគ្រោះថ្នាក់រថយន្តក្រុងក្រឡាប់ពេលចុះចំណោតផ្លូវភ្នំ នៅខេត្ត Prachin Buri ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៩នាក់។ នេះបលយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាមមជ្ឈមណ្ឌលសុវត្ថិភាពផ្លូវនៃខេត្ត Prachin Buri បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៣:២០នាទីព្រឹកថ្ងៃពុធ នេះ នៅក្នុងស្រុក Nadi នៃខេត្ត Prachin Buri។
លោកស្រី Paetongtarn បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថា «ប្រសិនបើគេរកឃើញថា មានការប្រើប្រាស់រថយន្ដមិនត្រូវតាមស្ដង់ដារ ឬមានការពាក់ព័ន្ធក្នុងការប្រើប្រាស់យានជំនិះដោយខ្វះការប្រុងប្រយ័ត្ន នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់»។


ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រថយន្តក្រុងនេះបានដឹកអ្នកដំណើរចំនួន ៤៧នាក់ និងអ្នកបើកបរ ២នាក់។ រថយន្ដនេះ គឺជារថយន្ដដឹកសិស្សចុះកម្មសិក្សាដែលធ្វើដំណើរមកពីស្រុក Phon Charoen នៃខេត្ត Bueng Kan ឆ្ពោះទៅកាន់ខេត្ត Rayong វិញ ប៉ុន្ដែវាបានជួបគ្រោះថ្នាក់លើផ្លូវហាយវ៉េលេខ ៣០៤។

យោងតាមការិយាល័យទំនាក់ទំនងសាធារណៈខេត្ត Prachin Buri បានឱ្យដឹងថា ផ្លូវដែលរងផលប៉ះពាល់ ក៏កំពុងត្រូវបានសំអាត ដើម្បីជួយសម្រួលចរាចរណ៍ផងដែរ ខណៈមូលហេតុនៃគ្រោះថ្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយជាបឋម គេបានដាក់ការសង្ស័យចំនួន ២ចំណុច ថា ទី១អ្នកបើកបរងងុយគេង និងទី២ រថយន្តដាច់ហ្វ្រាំង។
សូមជម្រាបថា យោងតាមកាសែត AFP បានឱ្យដឹងថា ប្រទេសថៃ ជាប្រទេសដែលមានតួលេខអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកច្រើនបំផុតមួយ ឈរនៅលំដាប់ទី៩ ក្នុងចំណោមប្រទេសសមាជិកអង្គការសុខភាពពិភពលោកទាំង១៧៥ នេះបើតាមរបាយការណ៍បានកត់ត្រាទុកប្រចាំឆ្នាំ២០២៣ របស់ប្រទេសនេះ៕

