កំពត+ស្វាយរៀង៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្ពុជាបានបញ្ជូនជនជាតិវៀតណាមដែលលួចមកស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែនជិត១០០នាក់ចេញពីច្រកព្រំដែនបាវិត ព្រៃវល្លិ៍ ខេត្តស្វាយរៀង និងច្រកទ្វារព្រមដែនព្រែកចាក ខេត្តកំពត។
អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បណ្តេញជនជាតិវៀតណាម ដែលមានជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និង អនុវត្តទោសចំពោះការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបណ្ដេញជនជាតិវៀតណាម ៤០នាក់ (ស្រី៣នាក់) ដោយក្នុងនោះទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន១៩នាក់ (ស្រី១នាក់) និងទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ២១នាក់ (ស្រី២នាក់) ចេញតាមច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។




ចូលដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបន្តបណ្ដេញជនជាតិវៀតណាមខុសច្បាប់សរុប ៤២នាក់ (ស្រី៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជនជាតិវៀតណាមទាំងនោះពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ៕










អត្ថបទ៖ កណ្ដាល+ចតុមុខ

