វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ សប្ដាហ៍នេះ បានច្រានចោលការផ្តល់ការធានាសន្តិសុខ ឬការយល់ព្រមឱ្យអ៊ុយក្រែនចូលជាសមាជិកភាពអង្គការណាតូ ខណៈលោក Volodymyr Zelenskyy បានរៀបចំធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ធនធានរ៉ែកម្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយ លោក Trump បាននិយាយថា «លោក Zelenskyy នឹងធ្វើទស្សនកិច្ចនៅថ្ងៃសុក្រ ទី២៨ នេះ ដើម្បីមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ហើយវាជាកិច្ចព្រមព្រៀងដ៏អស្ចារ្យសម្រាប់អ៊ុយក្រែនផងដែរ»។ ប៉ុន្ដែ លោក Trump និយាយថា «ខ្ញុំនឹងមិនធ្វើការធានាសន្ដិសុខលើសពីនេះទេ ហើយឈប់ស្រមៃចូលជាសមាជិកអង្គការណាតូ ទៀតទៅ ព្រោះវាមិនអាចទៅរួចទេ»។

ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Trump កំពុងតែសម្លឹងលើកិច្ចព្រមព្រៀងរ៉ែនេះ ព្រោះវាអាចជួយកុំឱ្យសហរដ្ឋអាមេរិកពឹងផ្អែកតែលើប្រទេសចិន ដែលមានធនធានរ៉ែកម្រសំខាន់ៗ ប្រហែល ៧០ភាគរយរបស់ពិភពលោក។

គួរបញ្ជាក់ថា លោក Trump បានទាមទារឱ្យអ៊ុយក្រែន ផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិក ទទួលបានរ៉ែដីកម្ររបស់ខ្លួន ដើម្បីទូទាត់សំណងសម្រាប់ជំនួយរាប់ពាន់លានដុល្លារដែលទទួលបានក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក Joe Biden។

យ៉ាងណាគេមិនទាន់ដឹងច្បាស់ទេថា តើមេដឹកនាំអ៊ុយក្រែនរូបនេះ យល់ព្រមតាមលក្ខខណ្ឌទាំងអស់នេះដែរឬអត់ ដោយកាលពីសប្ដាហ៍មុន លោក Zelenskyy បាននិយាយថា «ខ្ញុំសុខចិត្តចុះចេញពីតំណែង បើអ្នកចង់ឱ្យខ្ញុំចាកចេញពីតំណែងនេះ ខ្ញុំត្រៀមខ្លួនរួចជាស្រេច បើសិនអ៊ុយក្រែនបានចូលជាសមាជិកភាពអង្គការណាតូ»។

តាមពិតទៅ អ៊ុយក្រែន​ ប្រាថ្នា​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិ​អង្គការណាតូ ​ជា​យូរ​មក​ហើយ ហើយថែមទាំង​បាន​ដាក់​ពាក្យ​ចូល​ជា​ផ្លូវ​ការ​កាលពី​​ឆ្នាំ២០២២ ផងដែរ បន្ទាប់​ពី​អតីត​តំបន់​ចំនួន៤ របស់​ខ្លួន បោះឆ្នោតចូលរួមជាមួយរុស្ស៊ី ប៉ុន្តែរឿងនេះត្រូវបានប្រទេសសមាជិកអង្គការមួយចំនួនដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ហុងគ្រី និងស្លូវ៉ាគី បដិសេធ ដោយអះអាងថា សមាជិកភាពរបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់ខ្លាំង ហើយនឹងមានការឆ្លើយតបខ្លាំងក្លាពីទីក្រុងមូស្គូ៕

ប្រភព៖ CNA

ចុចអាន៖ ទីបំផុត! អ៊ុយក្រែនយល់ព្រមលើកិច្ចព្រមព្រៀងប្រគល់រ៉ែឱ្យសហរដ្ឋអាមេរិកហើយ…

ចុចអាន៖ លោក ហ្សេលេនស្គី ស្ម័គ្រចិត្តលាលែងពីតំណែង ជាថ្នូរនឹងការចូលជាសមាជិក NATO

Share.