កំពង់ធំ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ លំ គន្ធារី អនុប្រធាអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  និងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងអនុសាខាស្រុកសណ្តាន់ ផ្តល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ២ខ្នងអស់ទាំងស្រុង និងប៉ះពាល់១ខ្នង ករណីនេះកើតឡើងកាលពី រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។កា

តាមរបាយការពីអភិបាលបាលស្រុកសណ្តាន់ បានបញ្ជាក់ថា ករណីភ្លើងឆេះផ្ទះនេះពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ដោយភ្លើងបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារអស់ទាំងស្រុង និងអស់សម្ភារៈជាច្រើន។

គ្រួសាររងគ្រោះទាំងពីរខាងលើ ទី១. មានបម្ចាស់ផ្ទះ ឈ្មោះ ព្រំ នី ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ លិត ហន អាយុ៤៨ឆ្នាំ បានខូចទ្រព្យសម្បត្ដិរួមមាន រថយន្ដលុចស៊ីស២គ្រឿង និងរថយន្ដTigo ១គ្រឿង លុយខ្មែរចំនួន ១៥០០០០០រៀល មាស១.៧ជី ត្រាក់ទ័រ១គ្រឿង ដំឡូងមីក្រៀម ១២០០បេស្មើ៦០តោន កុំព្យូទ័រ០១គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង គ្រឿងសង្ហារឹម២ឈុត , ផ្លាកទីន១,៥ជី និងផ្ទះចំនួន៣ខ្នងផ្ទះ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដារទំហំ ៧,៥ម៉x១២ម៉ឆេះអស់ទាំងស្រុង និង សម្ភារៈផ្សេងៗមួយចំនួនទៀត។

គ្រួសារទី២ម្ចាស់ផ្ទះឈ្មោះ លិត ខន ភេទប្រុស អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ហួន គូ អាយុ៤២ឆ្នាំ បំផ្លាញទ្រព្យសម្បត្ដិរួមមាន ៖ ផ្ទះទំហំ៧ម៉ែត្រx១៤ម៉ែត្រ ប្រក់ក្រឿង ជញ្ជាំងក្ដារ ថ្មក្រោមឆេះអស់ទាំងស្រុង ជាមួយគ្នានេះលោកជំទាវ លំ គន្ធារី បានចូលរួមសោកស្ដាយ ដែលបានបាត់បង់នៅទ្រព្យសម្បត្តិមួយចំនួន ដោយសារអគ្គីភ័យបានលេបត្របាក់ផ្ទះ២ខ្នងអស់ទាំងស្រុង។ ដូចនេះហើយក្នុងនាមជាអ្នកដឹកនាំខេត្តកំពង់ធំ បានចូលរួមសោកស្ដាយ និងនាំយកអំណោយផ្ដល់ជូន ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះឱ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀតដើម្បីចិញ្ចឹមគ្រួសារឱ្យលក្ខណៈល្អប្រសើរ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន។

លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដើម្បីឱ្យក្រុមគ្រួសារមានភាពរឹងមាំ អភិវឌ្ឍក្រុមគ្រួសារឱ្យមានការរីកចម្រើន លើសពីនេះសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ មុនចេញដំណើរទៅណាមកណា ត្រូវតែពន្លត់ភ្លើងចង្ក្រាន ធូប ទៀន និងបិទកុងតាក់ចរន្តអគ្គិសនី ឱ្យបានត្រឹមត្រូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

គួរបញ្ជាក់ផងដែរថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជា និងអនុសាខាស្រុកសណ្តាន់ ដែលបានផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះរួមមាន អង្ករមី ត្រីខ  ទឹកត្រី ទឹកស៊ីវ មុង ភួយ សារុង ក្រមា ឆ្នាំងកន្ទេល១  តង់ និងថវិកាមួយចំនួន៕


អត្ថបទ៖ ឈិតសំបូរ

Share.