សិល្បៈជាតិ៖ តាមរយៈសកម្មភាពក្រៅឆាកនៃការថតខ្សែភាពយន្តខ្នាតធំរឿង «ខ្មោចដើមចេកជ្វា» ២០២៥ ពីខាងផលិតកម្ម Tiny Film Production បានបង្ហាញឱ្យឃើញថា វត្តមានអ្នកនាង សាំង ភស្ដា និងលោក ចាន់ វីសា បានក្លាយជាតួឯកប្រុសស្រីក្នុងខ្សែភាពយន្តបែបរន្ធត់មួយនេះ។

ទោះថាមិនបង្ហាញចំ និងមិនទាន់បង្ហាញជាផ្លូវការក៏ដោយ ប៉ុន្តែផ្អែកលើការចែករំលែករូបភាព រួមទាំងវីដេអូជាច្រើនដែលបង្ហាញពីសកម្មភាពថតផ្សេងៗ លើបណ្ដាញសង្គម TikTok នោះ នោះអ្នកគាំទ្រគឺស្គាល់ពីមុខតួអង្គខ្លះៗដែលបានចូលរួមសម្ដែង។ ភាពយន្តមួយនេះត្រូវបានដឹកនាំដោយកញ្ញា ប៊ុន ចន្ត្រា ដែលធ្លាប់បង្ហាញស្នាដៃតាមរយៈភាពយន្ត «កែវភ្នែកនាង» ទទួលបានការសសើរពីអ្នកទស្សនាលើភាពច្នៃប្រឌិតឱ្យភ័យបុកពោះពីដើមរឿងរហូតដល់ចប់។
ដោយឡែកគេនៅចាំបានថា ភាពយន្ត «ខ្មោចដើមចេកជ្វា» កាលពីឆ្នាំ ២០០៥ គឺតួអង្គស្រី នាងនុត សម្ដែងដោយតួស្រី សាំង ភស្ដា ហើយនោះជាលើកទី ២ ដែលតារាស្រីរូបនេះវិលមកសម្ដែងភាពយន្តនេះម្ដងទៀត បន្ទាប់ពីឃ្លាតចាកពីភាពយន្តអស់រយៈពេល ២០ ឆ្នាំ។



វណ្ណកម្មថ្មីនេះក្រោមការផលិតដោយផលិតកម្ម Tiny Film Production ដែលកំពុងបើកកាមេរ៉ាថតជាថ្មីឡើងវិញនៅលើទឹកដីតាមបណ្ដាខេត្តមួយចំនួន ជាពិសេសផ្ទះបុរាណខ្មែរនៅកំពង់ចាម ដោយមានការសហការជាមួយផលិតកម្ម ឯកភ្នំ របស់លោកឧកញ៉ា និងជាអ្នកដឹកនាំរឿងគឺលោក ហេង តុលា។ ២០ ឆ្នាំមុនភាពយន្តគឺជាភាពយន្តល្បីល្បាញវ៉ាដាច់ភាពយន្តធំៗជាច្រើននៅក្នុងស្រុក ហើយមិនត្រឹមតែទទួលបានការគាំទ្រខ្លាំងក្នុងស្រុកនោះទេ អំឡុងពេលនោះ ខាងប្រទេសថៃក៏សុំសិទ្ធបញ្ចូលសម្លេងថៃដាក់ផលិតកម្មថៃបញ្ចាំងក្នុងប្រទេសថៃរហូតទទួលការគាំទ្រយ៉ាងខ្លាំងដែលនឹកស្មានមិនដល់។
សូមជម្រាបថាភាពយន្ត «ខ្មោចដើមចេកជ្វា» ដែលផលិតថ្មីនៅឆ្នាំ ២០២៥ នេះនៅមិនទាន់អាចបញ្ជាក់បានទេថា នឹងចូលមកចាក់បញ្ចាំងនៅក្នុងរោងភាពយន្តថ្ងៃណាខែណានោះឡើយ។ ផលិតកម្ម Tiny Film Production ក៏កំពុងសម្រុកថត និងសម្រិតសម្រាំងប្លង់ដើម្បីឱ្យភាពយន្តមួយនេះ ក្លាយជាភាពយន្តដែលបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ជាភាពយន្តដែលរកចំណូលបានច្រើន និងល្បីរន្ធឺមិនចាញ់ ២០ ឆ្នាំមុនផងដែរ៕

