កាលពី​ព្រឹក​ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ប្រកាស​ថា កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់​ផ្នែក​នារីជើងឯកប្រចាំតំបន់​អាស៊ី AFC Women’s Asian Cup Australia 2026 Qualifiers។

ក្រៅពី​កម្ពុជា ក៏​មាន​ប្រទេស​ចំនួន​ ៧ផ្សេងទៀត ដែល​ទទួល​បាន​សិទ្ធរៀប​ចំធ្វើ​ជា​ម្ចាស់​ផ្ទះ ការប្រកួតវគ្គជម្រុះនេះ ក្នុង​​នោះ​មាន ៥ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ាន រួម​មាន៖ កម្ពុជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ថៃ និង​វៀតណាម ខណ:​ ៣ប្រទេស​ទៀត​ពី​តពន់​អាស៊ី មាន ហ្ស៊កដានី តាជីគីស្ថាន និងអ៊ូបេគីស្ថាន។

ដូ​ច​នេះ សម្រាប់​ក្រុមជម្រើសជាតិនារី ដែល​បានចូលរួមសរុបចំនួន ៣៣ប្រទេស បែងចែកជា ៨ពូល នឹង​ត្រូវ​ចាប់ឆ្នោតចែកពូលនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការរបស់ AFC នៅប្រទេសម៉ាឡេសុី។ ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers នឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។

សម្រាប់​ ក្រុមជម្រើសជាតិនារី ចូលរួមវគ្គជម្រុះ មាន៣៣ប្រទេស រួម​មាន៖ កម្ពុជា កូរ៉េខាងជើង វៀតណាម ហ្វីលីពីន ចិនតៃបុិ ថៃ អ៊ូបេគីស្ថាន មីយ៉ាន់​ម៉ា អ៊ីរ៉ង់ ឥណ្ដា ហ្ស៊កដានី ហុងកុង បារ៉ែន ឥណ្ឌូណេស៊ី កោះហ្គាំ ម៉ាឡេស៊ី នេប៉ាល់ ឡាវ អេមីរ៉ាតអារ៉ាប់រួម ម៉ុហ្គោលី កៀហ្ស៊ីស៊ីស្ថាន បង់ក្លាដែស លីបង់ ប៉ាឡេស្ទីន សិង្ហបុរី តូមិននីស្ថាន តាជីគីស្ថាន ស្រីលង្កា ទីម័រខាងកើត ម៉ាល់ឌីវ អារ៉ាប៊ីសាអូឌីត ប៊ូតាន និង អ៊ីរ៉ាក់។

បន្ទាប់​ពី​បញ្ចប់​វគ្គជម្រុះ ក្រុម​ចំនួន ១២​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ នឹង​ត្រូវ​ទៅប្រកួត​​ជុំ​ផ្ដាច់​ព្រ័ត្រ នៅ​ទឹក​ដី​ប្រទេស​អុស្ត្រាលី ក្នុង​នោះ​មាន​ ៤ប្រទេស​ទៀត​កំពុង​រង​ចាំរួចរាល់ រួមមាន៖ ម្ចាស់​ផ្ទះ អូស្ត្រាលី ចិន កូរ៉េខាងត្បូង និងជប៉ុន។

គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់​ផ្នែក​នារី ជើងឯកប្រចាំតំបន់​អាស៊ី ត្រូវ​បាន​បង្កើតឡើង​ចាប់​ពី​ឆ្នាំ ១៩៧៥ ខណ: ក្រុម​នារី​ចិន ឈ្នះជើង​ឯក​បាន​ច្រើន​ជាងគេ ចំនួន ៩លើក (១៩៨៦, ១៩៨៩, ១៩៩១, ១៩៩៣, ១៩៩៥, ១៩៩៧, ១៩៩៩, ២០០៦, ២០២២) កូរ៉េខាងជើង ៣លើក (២០០១, ២០០៣, ២០០៨) ចិនតៃបុិ ៣លើក (១៩៧៧, ១៩៨០, ១៩៨១) ជប៉ុន ២លើក (២០១៤, ២០១៨) អូស្តា្រលី ថៃ និងនូវែលសេឡង់ ១លើក៕

Share.