ហុងកុង៖ កាលពីថ្មីៗនេះ ក្រុមហ៊ុនចិនមួយនៅភាគខាងកើតនៃខេត្ត Shandong បានដាក់ចេញវិធានការបញ្ឈប់ការងារបុគ្គលិកណាដែលបន្ដនៅលីវ មិនព្រមយកគ្រួសាររហូតដល់ចុងខែកញ្ញា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post ។

ក្រុមហ៊ុន The Shuntian Chemical Group នៅខេត្ត Shandong ភាគខាងកើតប្រទេសចិន ដែលមានបុគ្គលិកប្រមាណជាជាង ១,២០០នាក់បានប្រកាសពីគោលនយោបាយមួយ ដែលប្តេជ្ញាថា នឹងជំរុញឱ្យមានកំណើននៃការរៀបអាពាហ៍ពិពាហ៍កាលពីខែមករា កន្លងទៅ ដោយប្រកាសថា ប្រសិនបើ​ពួកគេ​នៅ​លីវ​ត្រឹម​ចុងខែ​កញ្ញា ពួកគេ​នឹង​ត្រូវ​បណ្តេញចេញពីការងារ។

ប៉ុន្ដែក្រោយមកបានលុបវិធានការនោះចោលវិញ ក្រោយពីអាជ្ញាធរក្នុងស្រុកបញ្ជាឱ្យដកវិធានការប្លែកៗបែបនេះចេញវិញ ដោយបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះរំលោភលើច្បាប់ការងារក្នុងប្រទេស។

យ៉ាងណាចំណាត់ការដ៏ប្លែកនេះ បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកនិយមលេងអ៊ីនធឺណិត និងអាជ្ញាធរក្នុងតំបន់ នៅពេលដែលប្រទេសចិន កំពុងពុះពារស្វែងរកវិធីជំរុញឱ្យគូស្នេហ៍វ័យក្មេងរៀបការ និងមានកូន ព្រោះតែចំនួនប្រជាជនក្នុងប្រទេសនេះកំពុងធ្លាក់ចុះ ខណៈអត្រាប្ដីប្រពន្ធដែលសម្រេចចិត្តលែងលះគ្នាវិញក៏បន្ដកើនឡើងគួរឱ្យព្រួយបារម្ភ។

ផ្នត់គំនិតចង់រស់នៅឯករាជ្យតែម្នាក់ឯងនេះ បាននឹងកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសង្គមចិន ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ខណៈរដ្ឋាភិបាលចិន បានដាក់ចេញគោលនយោបាយជាតិសំខាន់ៗ ជាច្រើន ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋវ័យក្មេងសម្រេចចិត្តរៀបការ ដូចជាការផ្តល់រង្វាន់នៅក្នុងពេលរៀបការ ផ្តល់ប្រាក់ឧបត្ថម្ភក្នុងពេលសម្រាលកូន និងក្នុងពេលបញ្ជូនទៅកូនទៅសាលារៀនជាដើម៕

ប្រភព៖ South China Morning Post

Share.