ភ្នំពេញ៖ កុមារា អាយុជាង២ឆ្នាំម្នាក់ រស់នៅក្នុងភូមិតាង៉ក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានស្លា.ប់ដោយសារជំងឺផ្ដាសាយបក្សី។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញ។

រូបភាពតំណាង

ក្រសួងសុខាភិបាលបានបញ្ជាក់ថា កុមារាខាងលើមានអាយុ ២ឆ្នាំ ៧ខែ ត្រូវបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈបញ្ជាក់ថា មានផ្ទុកវីរុសផ្តាសាយ បក្សីប្រភេទហាស់៥ អ៊ិន១ (H5N1) ហើយបានស្លាប់កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បើទោះជាមានការយកចិត្តទុកដាក់ថែទាំនិងជួយសង្គ្រោះ ពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ក៏មិនអាចជួយកុមាររងគ្រោះបាន ដោយសារឪពុកម្តាយនាំកុមារមកមន្ទីរពេទ្យយឺតពេក ទើបបណ្តាលឱ្យកុមារមានស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដក ដង្ហើមធ្ងន់ធ្ងរ។

រូបភាពតំណាង

តាមការសាកសួរពីក្រុមគ្រួសារបានឱ្យដឹងថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងមានមាន់ងាប់ ប្រហែល១៥ក្បាល និងខ្លះទៀតកំពុងឈឺ ហើយកុមារបានដេកនិងលេងនៅក្រោមផ្ទះជិតទ្រុងមាន់។

ក្រោយទទួលបានព័ត៌មានខាងលើ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងបន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស ហើយបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ក៏ដូចជាបានចែកជូនឱសថតាមីហ្គូ(Tamilu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ជាមួយគ្នាក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី H5N1 ពីព្រោះជំងឺនេះជានិច្ចជាកា នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង។ ប្រសិនបើបងប្អូនមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម និងមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕

Share.