កំពង់ស្ពឺ ៖ កូនប្រុសមាសម្តាយ ខំចិញ្ចឹមបីបាច់តាំងពីកើត រហូតដល់វ័យ៣១ឆ្នាំ គ្រាន់តែម្តាយស្តីបន្ទោសបន្តិចបន្តួច បែជាខឹងក្រេវក្រោធ ផ្ទុះជម្លោះក្នុងគ្រួសារ សងគុំឪពុកម្តាយវិញដោយដុតផ្ទះឆេះផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ សមត្ថកិច្ចឃាត់ខ្លួនកូនកំហូចនាំយកទៅប៉ុស្តិ៍ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអូរសំបួរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យមានឈ្មោះ ជៀប រដ្ឋា ហៅប្រែង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅផ្ទះកើតហេតុ ចំណែកម្តាយមានឈ្មោះ ម៉ម សារ៉េត អាយុ៥៧ឆ្នាំ រស់នៅផ្ទះកើតហេតុ ។

ផ្ទះដែលរងនូវអគ្គិភ័យឆាបឆេះ ដោយសារកូនប្រុស សង់ពីឈើប្រក់ក្បឿង ទំហំ៦ម៉ែត្រx៧ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ប្រមាណ៤០ភាគរយ និងសម្ភារៈមួយចំនួនទៀត បន្ទាប់ពីមានអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជួយទាន់ពេល ឃាត់ខ្លួនជនបង្កនាំយកប៉ុស្តិ៍ ។

ករណីដុតផ្ទះខាងលើ តាមបណ្តឹងពីម្តាយ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ នាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.