សិល្បៈជាតិ៖ ក្រសួងវប្បធម៌ ព្រមានចាត់វិធានការតឹងរឹងចំពោះ​អ្នកផលិតបទចម្រៀងដែលមានចំណងជើងថា « ក្តឹងរួយ » ដែលបានបញ្ចេញខ្លឹមសារអសុរោះ គ្មានសីលធម៌ និងប៉ះពាល់តម្លៃស្ត្រីខ្មែរ ហើយក្រសួងបានអំពាវនាវឱ្យសមត្ថកិច្ចជួយស្វែងរកអត្តសញ្ញាណបុគ្គលរូបនេះ។

នាពេលថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពិនិត្យឃើញថា មានទំព័រហ្វេសប៊ុកមួយ ឈ្មោះ ALL from me បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា «ក្តឹងរួយ» ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។

បើទោះបីជាបទចម្រៀងដែលផលិតដោយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) នោះ ត្រូវបានលុបចេញពីទំព័រហ្វេសប៊ុកមួយឈ្មោះ ALL from me ក្តី តែបុគ្គលដែលជាអុ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក ALL from me នឹងត្រូវធ្វើការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។

ជាមួយគ្នានោះដែរក្រសួងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការស្វែងរកអត្តសញ្ញាណបុគ្គលរូបនេះ ឱ្យមកទទួលខុសត្រូវចំពោះសកម្មភាពដែលខ្លួនបានធ្វើឡើង និងស្នើសុំដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គម សូមកុំបន្តចែកចាយ និងផ្សព្វផ្សាយបទចម្រៀងនោះផងដែរ៕

Share.