សិល្បៈជាតិ៖ ប្រឡូកសិល្បៈមកជិត២០ ឆ្នាំមកហើយ តាប៊ុយ ទើបទម្លាយអារម្មណ៍ត្រូវតារាសិល្បៈលេងទឹកមុខដាក់ធ្វើមិនស្គាល់នៅពេលដែលលោកលែងជាអ្នកផលិតកម្មទូរទស្សន៍ និងលែងមានតម្លៃសម្រាប់តារាសិល្បៈអែបអបយកល្បីមួយប្រ៉ាវ។ ហេតុការណ៍ដែលតាប៊ុយលើកឡើងនេះ បានធ្វើឱ្យអ្នកនាង ចន ច័ន្ទលក្ខិណា ជាទីប្រឹក្សាសមាគមសិល្បករខ្មែរ និងជាអតីតប្រធានសមាគមសិល្បករខ្មែរ បញ្ជាក់ថា ធ្លាប់ហែលលើបទពិសោធន៍នេះអស់ហើយ។

នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ម្សលិមិញនេះ ពិធីករសង្ហា តាប៊ុយ បានបង្ហោះសារឡើងបែបនេះ ៖«ម្សិលមិញ​បានចូលរួមកម្មវិធីសម្ភោធអគារថ្មីរបស់សមាគមសិល្បះករខ្មែរ ហើយមានតារាច្រើនមែនទែនបានចូលរួម ហើយក៏បានជួបតារាដែលធ្លាប់តែស្និទ្ធិស្នាល តែគេធ្វើសឹងតែមិនឃើញយើងពិសេសទឹកមុខ ក្នុងចិត្តដូចគេធ្លាប់ប្រាប់មែន ពេលយើងមានប្រយោជន៍អោយគេ គឺគេមកអែបអបហើយ ពេលយើងគ្មានប្រយោជន៍គឺគេលេងទឹកមុខដាក់ហើយ សំខាន់មនុស្សដែលល្អដាក់គ្នាសោះមិនដែលមានរឿងទេ តែមកជួបចឹង»។

ភ្ជាប់ជាមួយសេចក្ដីបញ្ជាក់របស់លោក តាប៊ុយ ជាមួយគ្នានេះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចូលរួមបង្ហាញអារម្មណ៍របស់ខ្លួនជាសំណេរថា ៖ «ជួបឆ្អែតហើយ ហើយក៏ជាមូលហេតុដែលខ្ញុំកាត់បន្ថយការចូលរួមកម្មវិធីសិល្បៈមួយចំនួនធំ លែងយកចិត្តយកបេះដូងទៅប្រើទៀតហើយ ខ្ញុំដើរផ្លូវផ្សេងដោយស្ងៀមស្ងាត់ លែងដឹងលឺអ្វីទាំងអស់ អ្នកណាមកទូលពិតរាយការណ៌អ្វីក៏ខ្ញុំមិនយកខ្លួនទៅពាក់ព័ន្តដែរ អ្នកណាមានការអី ឬ មានបញ្ហាអី រកវិធីដោះស្រាយដោយខ្លួនឯងទៅ ដល់ពេលដែលខ្ញុំធ្វើមនុស្សអាត្មានិយមម្តង ប្រឹងរកសុីអោយខ្លួនឯងកាន់តែរីកចម្រើន ជួយមនុស្សអោយចំគោលដៅ »។

យ៉ាងណាមិញ សំណេររបស់អ្នកទាំងពីរហាក់ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមយល់ឃើញថា តារាសិល្បៈមួយចំនួននៅមានកម្រិតវប្បធម៌ និងចំណេះដឹងមានកម្រិត ទើបបានជាពេលខ្លះតារាសិល្បៈរងការរិះគន់ពីមាត់មហាជនយ៉ាងមិនសំចៃ ព្រោះតែពួកគេមិនរក្សាតម្លៃខ្លួនឯងនិងគ្មានសីលធម៌ជាដើម។

គួររំលឹកដែរថា ត្បិតថា តាប៊ុយ នាពេលនេះមិនមានឈ្មោះជាអ្នកផលិតកម្មទូរទស្សន៍ និងជាពិធីករទូរទស្សន៍ដូចមុនទៀត ប៉ុន្តែរូបលោកផ្ទាល់នៅតែចេញមុខកាន់តែខ្លាំងនៅក្នុងទីផ្សារសិល្បៈខាងក្រៅដោយទទួលបានការងារតូចធំទៅតាមម្ចាស់ស្ពន់សឺ។ ចំណែកឯអ្នកនាង ចន ច័ន្ទលក្ខិណា ពេលនេះក៏ទទួលការងារផលិតមាតិកា និងថតស្ពតពាណិជ្ជកម្មឱ្យក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ ច្រើនជាងទទួលការងារសម្ដែងភាពយន្តដូចមុន៕

Share.