នៅ​ថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥ ពានរង្វាន់​ជើង​ឯក​យុវជនអាស៊ី ​​អាយុ​ក្រោម ២០​ឆ្នាំ (2025 AFC U-20 Asian Cup) នឹង​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ ដោយ​ជាការ​ប៉ះគ្នា​រវាង អូស្រ្ដាលី និងអារ៉ាប៊ីសាអូឌីត វគ្គផ្ដាច់ព្រ័ត្រ នៅ​ក្នុង​ទឹក​ដី​នៃប្រទេសចិន។

មុន​ធ្វើ​ដំណើរ​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ អូស្រ្ដាលី ជាក្រុម​លេខ១ ស្ថិត​នៅ​ក្នុង​ពូល A លេង​៣ប្រកួត​ឈ្នះទាំង៣ប្រកួត ឡើង​មកកាន់វគ្គ៨ក្រុម អូស្រ្តាលី​បាន​យក​ឈ្នះ អ៊ីរ៉ាក់ ៣-២ បន្ត​កៅអី​មក​កាន់​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យក​ឈ្នះជប៉ុន ២-០ ឡើងវគ្គផ្ដាច់ព្រ័ត្រ។

ងាក​មក​ក្រុមអារ៉ាប៊ីសាអូឌីត មុន​ធ្វើ​ដំណើរ​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ ជាក្រុម​លេខ១ ក្នុង​ពូល B ឆ្លងកាត់​៣ប្រកួត ឈ្នះ២ ស្មើ១ ឡើង​មកកាន់វគ្គ៨ក្រុម អារ៉ាប៊ីសាអូឌីត ​បាន​យក​ឈ្នះ ចិន ១-០ បន្ត​កៅអី​មក​កាន់​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យក​ឈ្នះកូរ៉េខាងត្បូង ៣-២ ដោយ​បបាល់កាត់សេចក្ដី១១ម៉ែត្រ បន្ទាប់​ពីស្មើគ្នា ០-០។

សម្រាប់​កម្មវិធីប្រកួត​វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ 2025 AFC U-20 Asian Cup ថ្ងៃទី១ មីនា ២០២៥៖

  • អូស្ត្រាលី ជួប អារ៉ាប៊ីសាអូឌីត វេលាម៉ោង ៧:៣០យប់ នៅ​កីឡដ្ឋាន Bao’an ទីក្រុង Shenzhen ប្រទេសចិន

ការប្រកួត​ពានរង្វាន់​ជើង​ឯក​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ (2025 AFC U-20 Asian Cup) ដែលប្រទេសចិន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជម្រុះ​សល់​ក្រុម​ខ្លាំង​ចំនួន​១៦ក្រុម ដើម្បី​ប្រកួត​ស្វែង​រក​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប នៅ​៦កីឡដ្ឋាន​ផ្សេង​គ្នា ចាប់ពីថ្ងៃទី១២ ខែកុម្ភៈដល់ថ្ងៃទី១ ខែមីនា ដោយមាន១៦ប្រទេសចូលរួមប្រកួតប្រជែង។

ក្រុម​ដែល​កក់កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន​ឈ្មោះ​តំណាង​ឱ្យ​ទ្វីប​អាស៊ី ​ឡើង​ទៅ​ប្រកួត​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2025 FIFA U-20 World Cup។

ក្រុម​កូរ៉េខាងត្បូង ជា​អ្នក​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​រហូត​ដល់​១២លើក គិតចាប់​តាំង​ពី​ពានរង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៥៩មក​។ ដំបូង​ឡើយ​ពានរង្វាន់​នេះ​រៀបចំ​ឡើង​រាល់​១ឆ្នាំ​ម្តង តែ​ចាប់​ពី​ឆ្នាំ​១៩៧៨ មក​ពានរង្វាន់​នេះ​ប្តូរ​មក​រៀបចំ​រាល់​២ឆ្នាំ​ម្តង​វិញ៕

Share.