ប៉េកាំង៖ បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ថា «ទំនាក់ទំនងចិន-កម្ពុជា បានជួបប្រទះនឹងការសាកល្បងនៃការប្រែប្រួលលើឆាកអន្តរជាតិ ហើយទំនាក់ទំនងរបស់ប្រទេសទាំង២ គ្មានភាពរកាំរកូសទេ ហើយគ្មាននរណាអាចបំបែកបំបាក់ទំនាក់ទំនងពួកយើងបានទេ»។

លោកវរសេនីយ៍ឯក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន បានធ្វើការកត់សម្គាល់បែបនេះ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការបញ្ចេញមតិអវិជ្ជមាននាពេលថ្មីៗនេះ ដែលធ្វើឡើងដោយគណនីមួយចំនួនតូចពីប្រព័ន្ធផ្សព្វផ្សាយ we-media ពីទាក់ទងនឹងទំនាក់ទំនងចិន-កម្ពុជា។

លោក Wu បានបដិសេធចំពោះការលើកឡើងទាំងឡាយណាពីទំនាក់ទំងនៃប្រទេសទាំង២ ចិន-កម្ពុជា ដោយលោកបានចាត់ទុកការលើកឡើងទាំងនោះថាជា «ការបង្កាច់បង្ខូច និងមិនត្រឹមត្រូវ»។

លោកបានបន្ថែមថា «ចិន និងកម្ពុជា គឺជាមិត្តសម្លាញ់ដែកថែប ដែលចែករំលែកគ្នាទាំងសេចក្ដីសុខ និងទុក្ខលំបាក ហើយតែងតែគាំទ្រគ្នាទៅវិញទៅមក។ យោធានៃប្រទេសទាំង២ មានទំនាក់ទំនងដែលមិនអាចបំបែកបាន និងភាពជាបងប្អូនដ៏រឹងមាំ»។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំង២ មានទំនាក់ទំនងជិតស្និទ្ធកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាព និងសំខាន់ក្នុងវិស័យផ្សេងៗ។

លោក Wu បន្ដថា យោធានៃប្រទេសទាំង២ បានធ្វើសមយុទ្ធរួមគ្នាដោយជោគជ័យចំនួន ២ ដូចជា៖ ការធ្វើសមយុទ្ធនាគមាស ចំនួន ៦ដង​ និងសមយុទ្ធទេវតាសន្ដិភាព ឬ Peace Angel។ លើសពីនេះ ភាគីទាំង២ ក៏បានផ្លាស់ប្ដូរការសិក្សារវាងសាលាយោធានៃប្រទេសទាំង២​ និងកិច្ចសហប្រតិបត្តិការលើវិស័យដោះមីន ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។

លោកក៏បានរំឭកពី ការប្រគល់មេដាយរបស់ក្រសួងការពារជាតិកម្ពុជា ដល់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ និងក្រុមអ្នកជំនាញការចិន នៅកម្ពុជាផងដែរ។

នៅពេលសួរថា តើកម្មវិធីនៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធចិន និងកម្ពុជា នឹងមាននៅក្នុងឆ្នាំនេះ អ្នកនាំពាក្យបានឆ្លើយតបថា នៅជំហានបន្ទាប់ យោធាចិន នឹងចាប់ដៃជាមួយភាគីកម្ពុជា ដើម្បីផ្តល់ការឯកភាពដ៏សំខាន់ រវាងមេដឹកនាំនៃប្រទេសទាំង២ និងពង្រឹងទំនាក់ទំនងយោធាទៅកម្រិតថ្មីមួយ រួមទាំងសម្រេចបាននូវការអភិវឌ្ឍន៍ថ្មីៗ។

យ៉ាងណាម៉ិញ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «ទំនុកចិត្តរវាងប្រទេសទាំង២ គឺដូចជាដើមឈើដែលចាក់ឬសក្នុងដី ដែលមានការគាំទ្រគ្នាទៅវិញទៅមក»៕

ប្រភព៖ Ministry of National Defense

Share.